ឧកញ៉ា អ៊ឹង គីមហុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL នឹងបើកឱ្យដំណើរការជាផ្លូវការ នូវក្លឹបកម្សាន្តថ្មីរបស់លោក ដែលទើបនឹងបង្កើតឡើងឈ្មោះថា «T7» នៅយប់ថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២នេះ។

ឧកញ៉ា អ៊ឹង គីមហុង បានបង្ហោះសារលើទំព័រហ្វេសប៊ុក កាលពីថ្ងៃអង្គារម្សិលមិញថា៖ “តោះស្អែកជួបគ្នានៅក្លឹបT7 តើមានអ្វីពិសេសខ្លះ?”។ មុននោះពីរបីថ្ងៃ លោកឧកញ៉ា ក៏បានបង្ហោះសារបែបលេងសើចផងដែរថា ឱកាសល្អសម្រាប់អ្នកមានសង្សារថ្មីៗចូលក្លឹប T7 អាចបង់រំលួសបាន និងបានបញ្ជាក់ថា បើនាំសង្សារម្នាក់ទៅ ទទួលបានការបញ្ចុះតម្លៃ ១០% ហើយបើនាំសង្សារ១០នាក់ នឹងទទួលបានការបញ្ចុះតម្លៃ ១០០%។

សូមជម្រាបជូនថា ក្លឹបកម្សាន្តថ្មី T7 នេះ មានទីតាំងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅខាងក្រោយស្ថានទូតរុស្ស៊ី។ តាមការបញ្ជាក់ពី ឧកញ៉ា អ៊ឹង គីមហុង បានឱ្យដឹងថា ការបើកក្លឹបនេះ ជួយបង្កើតការងារបាន ២០០នាក់ផងដែរ៕

