ឧកញ៉ា ព្រាប សុវត្ថិ បានចុះធ្វើការងារជាកម្មករដោយខ្លួនឯង រួមជាមួយនឹងកម្មករជាច្រើននាក់ទៀត ដើម្បីជំរុញការងារឱ្យបានលឿន ខណៈដែលលោកត្រៀមនឹងបើកហាងបាយ «ផ្ទះព្រាបសុវត្ថិ» សាខាទី២ នៅម្តុំបឹងតាមោក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។

តាមរយៈវីដេអូឃ្លីបលើទំព័រហ្វេសប៊ុក Preapsovathbrand កាលពីថ្ងៃពុធម្សិលមិញ បានបង្ហាញឱ្យឃើញថា លោកឧកញ៉ា ព្រាប សុវត្ថិ បានជួយកាប់ដី ដាំដើមឈើលម្អ និងជួយការរៀបចំផ្សេងៗទៀត ដើម្បីឱ្យភោជនីយដ្ឋានជាយក្រុងមួយនេះ បញ្ចប់តាមផែនការគ្រោងទុក។ «ផ្ទះព្រាបសុវត្ថិ» សាខាទី២ ធ្វើដំណើរពីផ្សារទំនើប AEON II ប្រហែល១៥នាទី ប៉ុណ្ណោះ ហើយប្រិយមិត្តអាចអញ្ជើញទៅញ៉ាំអាហារបែបខ្មែរ សម្រាកកម្សាន្តជាមួយទេសភាពបែបធម្មជាតិយ៉ាងស្រស់ស្រាយ។

សូមជម្រាបជូនថា ភោជនីយដ្ឋាន “ផ្ទះ ព្រាប សុវត្ថិ” សាខាទី១ មានទីតាំងស្ថិតនៅក្បែរវត្តសំរោងអណ្ដែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ភោជនីយដ្ឋានដែលយកផ្ទះលោកផ្ទាល់ធ្វើជាហាងនេះ គឺមានធម្មជាតិស្រស់បំព្រង និងមានបម្រើជូននូវបុកល្ហុង និងម្ហូបខ្មែរជាង១០មុខទៀតប្រកបដោយអនាម័យ និងរសជាតិឆ្ងាញ់ ឆ្លងកាត់ពីការភ្លក់រសជាតិដោយផ្ទាល់ពីលោកព្រាប សុវត្ថិ មុនដាក់ជូនភ្ញៀវ៕


សូមទស្សនាវីដេអូខាងក្រោម៖