ប្រធានអាស៊ាន ប្រកាសយកសណ្ឋាគាររបស់អ្នកឧកញ៉ា ១រូប សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

ជុំវិញ​ឧកញ៉ា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ថា ​​​សម្រាប់​កិច្ច​​ប្រជុំ​កំពូល​អាស៊ាន នៅ​ចុង​ឆ្នាំ២០២២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ​​គឺ​នឹង​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​ សុខា ភ្នំពេញ ​​របស់​អ្នកឧកញ៉ា សុខ គង់ ​​ហើយ​អំឡុង​ពេល​កិច្ច​ប្រជុំ​ជា​ច្រើន​នោះ ​សម្តេច​ក៏​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​នេះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បានថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការ​ស្តារ​កម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ថា៖ “ចូលដល់ខែ​វិច្ឆិកា គឺយើង​ធ្ងន់ធ្ងរ​បន្តិច​ចំពោះ​ការងារ ព្រោះមិត្តភ័ក្តិ​របស់​យើង ​នឹង​អញ្ជើញ​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ចូល​រួម​ប្រជុំ ហើយ​ខ្ញុំ​សូម​ជម្រាប​ថា ម្តង​នេះ​យើង​យក​សណ្ឋាគារ​នេះ (សណ្ឋាគារ សុខា) ធ្វើ​ជា​កន្លែង​ប្រជុំ​​កំពូល​អាស៊ាន​តែ​ម្តង។ សណ្ឋាគារនេះ មាន​បន្ទប់​ទៅ​ដល់ជាង ៧០០​បន្ទប់ ​​ហើយ​ខ្ញុំ​ក៏​នឹង​មក​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​នេះ​ដែរ ​កុំ​ឱ្យ​ពិបាក​ទៅ​ពិបាក​មក”។

សណ្ឋាគារ​សុខាភ្នំពេញ ​បាន​បុក​គ្រឹះសាងសង់​​ដំបូង​នៅ​​ថ្ងៃ​ទី​៨ ខែ​សីហា ​​ឆ្នាំ​២០០៨​ និង​ចំណាយ​ថវិកា​អស់​ប្រមាណ​​ ១២០លាន​ដុល្លារ​​​ ដោយ​មិន​គិត​តម្លៃ​ដី។ សណ្ឋាគារ​នេះ​ ​​​មាន​កម្ពស់ ​១៨ ជាន់ ​មាន​ទីតាំង​នៅ​ទល់​មុខ​ព្រះ​បរមរាជវាំង ស្ថិត​នៅ​ចំ​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ចតុមុខ។ ​សណ្ឋាគារ​នេះ​ចំណាយ​ពេល​​សាង​សង់​ជាង​ ៦ឆ្នាំ​ និង​បាន​បើក​សម្ពោធ​​ដាក់​ឱ្យ​ដំណើរ​ការ​កាល​​ពី​ថ្ងៃ​ទី ​២៣ ខែ​មីនា ​ឆ្នាំ​២០១៥ ​​ក្រោយ​អធិបតីភាព​សម្តេច​​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ការ​សាងសង់​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​លើ​ផ្ទៃដី​ទំហំ​៥ហិកតា និង​មាន​កម្ពស់​សរុប​ ៧២,៨៧ ម៉ែត្រ។ សណ្ឋាគារ​សុខា​ ​មាន​បន្ទប់​ស្នាក់​នៅ​សរុប​ ៧៤៤ បន្ទប់ ​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ផ្នែក​គឺ​បន្ទប់​សណ្ឋាគារ​ ៥៤៩ បន្ទប់ ​និង​ខុនដូ ១៩៥ បន្ទប់។ សណ្ឋាគារ​មាន​សាល​ប្រជុំ​ធំ​មួយ​ ដែល​អាច​ផ្ទុក​មនុស្ស​៣០០០ នាក់ និង​មាន​កន្លែង​ចត​យានយន្ត ៣​ ជាន់ ​ដែល​អាច​ផ្តល់​ជា​ចំណត​រថយន្ត​ប្រមាណ​ ១ ០០០ គ្រឿង ម៉ូតូ​ ១ ០០០ គ្រឿង​និង​ចំណត​ឧទ្ធម្ភាគចក្រ​ ២​ កន្លែង​នៅ​លើ​ដំបូល​អគារ។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ នេះបើ​តាមឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន​លេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ មកដល់​ពេល​នេះ​ កម្ពុជា​និងប្រទេស ដែលត្រូវចូលរួមកិច្ចប្រជុំកំពូលនេះ បានពិភាក្សាគ្នាបណ្តើរៗហើយ ពីការត្រៀមខ្លួន​ទទួល​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃប្រទេស ដែលត្រូវចូលរួមប្រជុំក្របខណ្ឌអាស៊ាន។

គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំ២០០២ និង ២០១២ ​​ដែល​បាន​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ ហើយ​សម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ក្រោមប្រធានបទ «ASEAN A.C.T: ដោះ​ស្រាយបញ្ហាប្រឈមរួមគ្នា»៕