បណ្តាញសង្គម ត្រូវបានចាត់ទុកជាកន្លែងឃោសនាមួយដ៏ទាន់សម័យទំនើបពេញនិយមនាពេលបច្ចុប្បន្ន ដែលបង្កភាពងាយស្រួលឆាប់រហ័សដល់ដៃអតិថិជន ឬអ្នកគាំទ្រ។

មន្រ្តី អ្នកឧកញ៉ា ឧកញ៉ា សហគ្រិន អ្នកបណ្តុះបណ្តាលនៅមួយរយៈចុងក្រោយនេះ បានយកទំព័រហ្វេសប៊ុកជាទំព័រមាស ជាកន្លែងឃោសនាផ្សព្វផ្សាយយ៉ាងផុសផលអំពីការងារ សកម្មភាពកិច្ចការសង្គម ធុរកិច្ច ផលិតផល សេវាកម្ម ពិសេសនោះ បង្ហាញបង្កើតគំនិតទស្សនៈលើប្រធានបទផ្សេងៗគ្នា លើចក្ខុវិស័យ បេសកកម្ម គោលដៅក្នុងន័យអប់រំជាសារដល់មនុស្សទូទៅ។

ជុំវិញប្រធានបទនេះ អ្នកជំនាញអក្សរសិល្ប៍ និងជាអ្នកតាមដានសង្គមយល់ឃើញថា មន្រ្តី អ្នកនយោបាយ ឧកញ៉ា សហគ្រិន អ្នកបណ្តុះបណ្តាល ឬអ្នករកស៊ី យកឱកាសនេះកន្លែងនេះជាការអួតអំពីគំនិតគ្នា តែជាសញ្ញាវិជ្ជមាន។ លោកថា វាជារឿងល្អដែលមានប្រជាជនចេះចែករំលែកទស្សនៈគំនិតគ្នាដើម្បីរីកច្រើនសម្រាប់ជីវិតក្តី មុខជំនួញក្តី សុខភាពក្តី គឺជារឿងត្រឹមត្រូវហើយវាបានផលចំណេញដល់ជាតិ ព្រោះមានគំនិតទើបអាចធ្វើឱ្យជីវិតយើងដើរលើផ្លូវត្រូវ។
តែយ៉ាងណា លោកបានគូសបញ្ជាក់ថា ការបង្ហាញទស្សនៈទាំងនោះអ្នកទាំងឡាយដែលទទួលសូមទទួលដោយការពិចារណា ផ្អែកលើបទពិសោធន៍ ឬចំណេះដឹងរបស់អ្នកចែករំលែកផង ហើយយកទៅអនុវត្តទៅតាមស្ថានការណ៍ និងពេលវេលា៕
