ចំថ្ងៃខួបកំណើត ស្ថាបនិកក្រុមហ៊ុន វីរៈ ប៊ុនថាំ ឧកញ៉ា សួរ វីរៈ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដឹកជញ្ជូនអ្នកដំណើរក្នុង-ក្រៅ ប្រទេស និងសេវាកម្មបញ្ញើរឆាប់រហ័ស នាថ្ងៃទី០៨ ខែតុលា ២០២២នេះ បាននាំយកថវិកាចំនួន ៨១លានរៀល ចូលរួមឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។


បើតាមលោកឧកញ៉ា ថវិកាសប្បុរសធម៌ ចំនួន ៨១ លានរៀល លើកនេះ គឺជាលើកទី៥ ហើយ ដែលរូបលោកផ្ទាល់បានចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមក្នុងយុទ្ធនាការជួយសង្គ្រោះ និងព្យាបាលកុមារទូទាំងប្រទេសកម្ពុជា។


ថ្លែងលើបណ្ដាញសង្គមផ្ទាល់ខ្លួន ឧកញ៉ា វីរៈ ប៊ុនថាំ អគ្គនាយកក្រុមហ៊ុន ដឹកជញ្ជូន និងបញ្ញើរឆាប់រហ័សដ៏លេចធ្លោ និងមានប្រវត្តិឈរជើងយ៉ាងរឹងមាំជាង ១០ឆ្នាំ ក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា មានប្រសាសន៍ថា៖ “ការចែករំលែកមិនមែនជាកាតព្វកិច្ចនោះទេ តែវាជាទឹកចិត្ត និងការស្រលាញ់។ អំណោយលើក ទី5 ជូនដល់គន្ធបុប្ផា សន្យាថានឹងជួបគ្នាឆាប់ៗទៀត”។



គួររំឮកផងដែរថា ឧកញ៉ា វីរៈ ប៊ុនថាំ ជារឿយៗ តែងតែដឹកនាំក្រុមគ្រួសារ នៃក្រុមហ៊ុន វីរៈ ប៊ុនថាំ ចូលរួមឧបត្ថម្ភសឹងគ្រប់យុទ្ធនាការសប្បុរធម៌ ជាមួយរដ្ឋាភិបាលកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា។ បើតាមការឱ្យដឹងរបស់លោក អំណោយជាថវិកាចំនួន ៨១លានរៀល ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជាលើក ទី៥នេះ ក៏មិនមែនជាលើកចុងក្រោយដែរ៕