សម្តេចតេជោ សុខចិត្តខ្ចីលុយគេ៣លានដុល្លារ ដើម្បីជួយសង្គ្រោះជំទាវឧកញ៉ា ទេព កូលាប

ជុំវិញ​ឧកញ៉ា

កាលពី១០ឆ្នាំមុន លោកជំទាវឧកញ៉ា ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានរួចផុតពីបណ្តឹងរបស់អ្នកឧកញ៉ា កុក អាន គឺដោយសារ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ខ្ចី​លុយ​គេ​ប្រមាណ ៣​លាន​ដុល្លារ ដើម្បី​ជួយ​សង្គ្រោះ​​បង់​ជំនួស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បាន​ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលជាសាកលវិទ្យាល័យរបស់ ជំទាវ​ឧកញ៉ា​ ទេព កូលាប នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ​​ ថា៖ “​បើគ្មាន​ការសង្គ្រោះ កូលាប ទេ សាកលវិទ្យាល័យនេះវាដួលរលំបាត់តាំងពីពេលនោះ វាមានរឿងអយុត្តិធម៌​មួយ​កើតឡើង ពេលនោះខ្ញុំមិនបានដឹងរឿងច្បាស់លាស់ទេ”។

លោក ហេង ឈាង អតីតអគ្គនាយកក្រុមហ៊ុន Anco Brothers Co, LTD និង លោកស្រី​ ទេព កូលាប ជាប្រពន្ធ ត្រូវបានប្តឹងដោយ អ្នកឧកញ៉ា កុក អាន ម្ចាស់ក្រុមហ៊ុន Anco Brothers Co, LTD រហូតដល់​មានការចាប់ខ្លួន កាលពីឆ្នាំ២០១១ ក្រោម​ការចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត ក្នុងទឹកប្រាក់ជាង ៥៨ លានដុល្លារសហរដ្ឋអាមេរិក។

យ៉ាងណាក្តី នៅខែកញ្ញា ឆ្នាំ២០១២ តុលាការកំពូល បានទម្លាក់ការចោទប្រកាន់ប្រឆាំងអ្នកស្រី ទេព កូលាប បន្ទាប់ពីតុលាការកំពូល មិនបានរកឃើញមានទោសកំហុស។ ចំណែកលោក ហេង ឈាង ក៏ត្រូវបានដោះ​លែង​វិញក្នុងឆ្នាំ២០១៤ បន្ទាប់ពីលោកបានពិន័យផ្ដន្ទាទោសជាង៣ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងបន្ថែមថា៖ “នេះជារឿងដ៏កម្សត់មួយ បើយោងតាមពាក្យ​បណ្តឹង ឈាង ដែលជាក្មួយរបស់ដើមចោទ ត្រូវសង៥៨លានដុល្លារ ប៉ុន្តែទីចុងបំផុត គឺសម្រុះសម្រួលនៅ​ត្រឹម​៣លានដុល្លារ ដែល៣លាននេះ ពួកនេះអត់មានលុយទៀត អញ្ចឹងជម្រើសដែលនៅសល់ មិនមែន​បញ្ហា​​នៅត្រឹមប៉ុណ្នឹងទេ ពេលនោះខ្ញុំអត់មានលុយទេ លុយសម្រាប់សង្គ្រោះទូរទស្សន៍បាយ័នមួយផ្នែក ហើយមួយផ្នែកទៀតកូនស្រីរបស់ខ្ញុំទៅខ្ចីគេទេ បាន៣លាន យកមកដើម្បីសង កុក អាន។ បើសិនជា​ពេល​នោះ ឈាង ក៏ជាប់គុក កូលាបក៏ជាប់គុក សាកលវិទ្យាល័យភ្នំពេញអន្តរជាតិនេះ វាងាប់​បាត់តាំងពីពេល​នោះ មិនអាចបណ្តុះបណ្តាលនិស្សិតបានទេ”។

សូមជម្រាបថា លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសកលវិទ្យាល័យ PPIU ធ្លាប់ជាប់ពន្ធនាគារ​រយៈពេលជាង១៥ខែ នាអំឡុងឆ្នាំ២០១១-២០១២ ពីបទរំលោភលើសេចក្តីទុកចិត្ត ​ក្នុងទំហំ​​ទឹកប្រាក់ច្រើន​លានដុល្លារ របស់ឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុន អានកូ ប្រាឌ័រ និងជាសមាជិកព្រឹទ្ធសភា​​​ មកពី​គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតុលាការកំពូល កាត់ក្តីផ្តល់ភាពយុត្តិធម៌ជូន​លោកស្រី ទេព កុលាប ឲ្យរួចផុតពីការចោទប្រកាន់របស់ឧកញ៉ា កុក អាន វិញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២។ បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀងជា​ច្រើន​ លោកស្រី ទេព កូលាប ​​ត្រូវ​បាន​ព្រះមហាក្សត្រ ​​ចេញ​ព្រះរាជក្រឹត្យ​​ផ្តល់​គោរមងារ​ជា «ឧកញ៉ា» កាលពី​ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២៕