អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសសាយប្រឹស (Cyprus) ដែលដឹកនាំដោយលោក អេនដ្រីអាស វីរ៉ាស់ អភិបាលក្រុងឡាណាកា នៃប្រទេសសាយប្រឹស កាលពីថ្ងៃទី១៣ ខែតុលានេះ ដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និង ឱកាសក្នុងការវិនិយោគរវាងប្រទេសទាំងពីរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកទឹកចិត្តដល់ការជំរុញ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសាយប្រឹស។
ជាមួយគ្នានេះដែរ លោកអភិបាលក្រុង អេនដ្រីអាស វីរ៉ាស់ បានចែករំលែកអំពីសក្តានុពល និងស្ថានភាពសេដ្ឋកិច្ច នៃប្រទេសសាយប្រឹស ព្រមទាំងបានគូសបញ្ជាក់ពីភូមិសាស្ត្រសេដ្ឋកិច្ចរបស់សាយប្រឹសដែលដើរតួជាច្រកសេដ្ឋកិច្ចរវាងតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា។

ក្នុងជំនួបដដែលនេះ ភាគីទាំងពីរបានឯកភាព លើការរៀបចំចុះអនុស្សារណៈនៃការយោគយល់រវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពក្នុងការរៀបចំគណៈប្រតិភូធុជនសាយប្រឹសមកបំពេញទស្សនកិច្ចនៅកម្ពុជា ឬ គណៈប្រតិភូធុជនកម្ពុជា ទៅកាន់ទីក្រុងសាយប្រឹស៕