ឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបង្ហើបឱ្យដឹងថា លោកគ្រោងនឹងបើកសាលាសហគមន៍២១ នៅតាមជាយក្រុងចំនួន ៥ទៅ១០កន្លែងទៀត នៅឆ្នាំ២០២៣ ខណៈដែលបច្ចុប្បន្នមាន ៣កន្លែងរួចហើយ។

លោកឧកញ៉ា បានឱ្យដឹងតាមរយៈបណ្តាញសង្គម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោកបើកសាលារៀនសហគមន៍២១នេះ នៅតាមជាយក្រុង និងតាមស្រុកនានាក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍអ្នកដឹកនាំជំនាន់ក្រោយរបស់ប្រទេសយើង តាមឃុំ-ស្រុកនានា ឱ្យមានចំណេះ ជំនាញច្បាស់លាស់ អត្តចរិតល្អ គំនិតស្នេហាជាតិ និងជាពិសេសមានជំនាញបច្ចេកទេសវិជ្ជាជីវៈ១ច្បាស់លាស់ ដើម្បីចិញ្ចឹមជីវិត កសាងគ្រួសារ ចូលរួមអភិវឌ្ឍសហគមន៍ខ្លួន និងជាពិសេសរួមចំណែកជម្រុញសេដ្ឋកិច្ចប្រទេសយើង។

ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់បន្ថែមថា៖ “នេះជាកម្មវិធីសិក្សាសម្រាប់សាលារៀនសហគមន៍២១៖ ចំណេះដឹងទូទៅ ភាសាអង់គ្លេស កុំព្យូទ័រនិងបច្ចេកវិទ្យា ចំណេះដឹងហិរញ្ញវត្ថុនិងសហគ្រិនភាព ភាពជាអ្នកដឹកនាំ និងជំនាញបច្ចេកទេសវិជ្ជាជីវៈ។ ឆ្នាំនេះសាលារៀនសហគមន៍២១មាន៣កន្លែង គឺនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, និងឃុំគគីរ ស្រុកកៀនស្វាយ។ ឆ្នាំក្រោយនឹងបើក ៥ទៅ១០កន្លែង។ មានបងប្អូនមួយចំនួនបានចុះកុងត្រាសុំយកសាលានេះទៅបើកតាមស្រុកកំណើតខ្លួនបណ្តើរៗហើយដែរ”។

សូមជម្រាបជូនថា សាលារៀនសហគមន៍២១ គឺជាបណ្តាញអប់រំថ្មីមួយទៀតរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group) ដែលផ្តួចផ្តើមបង្កើតឡើងដោយឧកញ៉ា ប៉ិច បូឡែន កាលខែកក្កដា ឆ្នាំ២០២២នេះ។ សាលារៀនសហគមន៍២១ មានបញ្ចូលជំនាញវិជ្ជាជីវៈជាមួយតម្លៃសិក្សាសមរម្យ សម្រាប់ជីវភាពប្រជាជនជាយក្រុង និងបណ្តាខេត្ត ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតថ្នាក់ទី១២ ដើម្បីរួមចំណែកចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍជំនាញឌីជីថល សហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍៕
