ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានលើកឡើងថា លោកមិនខ្លាចទេក្រ ប៉ុន្តែលោកមិនអាចក្របាននោះទេ ព្រោះលោកមានមិត្តភ័ក្តិបងប្អូន និងសាច់ញាតិក្រីក្រជាច្រើន ដូច្នេះលោកត្រូវតែមានជាដាច់ខាត តាមរយៈការធ្វើការងារសុចរិត ត្រឹមត្រូវ និងស្របច្បាប់។
ក្នុងវីដេអូឃ្លីបថ្មីមួយ ដែលលោកបានបង្ហោះលើបណ្តាញសង្គមរបស់ខ្លួននៅព្រឹកថ្ងៃសៅរ៍នេះ លោកឧកញ៉ា បានលើកឡើងថា៖ “ជាទូទៅខ្ញុំបាទ គីម ហ៊ាង មិនខ្លាចក្រទេ។ ហេតុអ្វីយើងមិនខ្លាចក្រ? ដោយសារតែយើងដឹងថា ប្រជាជនកម្ពុជាយើង ប្រទេសយើងមិនមែនជាប្រទេសអ្នកមានទេ ជាប្រទេសអ្នកក្រនៅឡើយ ប្រជាជនយើងភាគច្រើននៅក្រ សូម្បីបងប្អូនសាច់ញាតិខ្ញុំគឺអ្នកក្រច្រើន ហើយបើសិនជាយើងក្រមួយទៀត ក៏មិនចម្លែកដែរ ប៉ុន្តែខ្ញុំមិនអាចក្របាន។ ខ្ញុំមិនអាចក្របានទេ ដោយសារតែយើងមានបងប្អូន មិត្តភ័ក្តិ សាច់ញាតិក្រច្រើនណាស់។ ជារួម ខ្ញុំមិនខ្លាចទេក្រ ប៉ុន្តែខ្ញុំមិនអាចក្របាន គឺត្រូវតែមាន តាមរយៈការធ្វើសកម្មភាពផ្សេងៗស្របច្បាប់ ត្រឹមត្រូវ ដែលយើងធ្វើបាន ដើម្បីក្លាយជាអ្នកមាន ដូចជាធ្វើការ រកស៊ី ត្រឹមត្រូវ ស្របច្បាប់ ដោយមិនខ្លាចនឿយហត់អ្វីគ្រប់យ៉ាង”។
លោកឧកញ៉ាបណ្ឌិត ក៏បានបន្ថែមផងដែរថា ចំណុចទី២ គឺលោកមិនខ្លាចទេបរាជ័យ ប៉ុន្តែលោកមិនអាចបរាជ័យទេ ព្រោះមនុស្សម្នាក់ៗឱកាសល្អៗមិនមានច្រើនទេក្នុងជីវិត ដូច្នេះបើមានឱកាសល្អហើយ ដាច់ខាតត្រូវតែជោគជ័យ។ ទី៣ លោកមិនខ្លាចទេការក្ស័យធន ព្រោះក្នុងអាជីពជាអ្នករកស៊ីរយៈពេល២១ឆ្នាំ គឺលោកចាប់ផ្តើមឡើងដោយបាតដៃទទេ ហើយបើត្រឡប់ទៅបាតដៃទទេវិញ ក៏មិនជាបញ្ហាអ្វីដែរ សំខាន់យើងបានខំប្រឹងអស់លទ្ធភាព និងបានធ្វើអ្វីដែលយើងគួរធ្វើរួចទៅហើយ។ ទោះយ៉ាងណា លោករក្សាពាក្យមួយថា លោកមិនអាចក្ស័យធនបានទេ ដូច្នេះការរកស៊ីរបស់លោក ត្រូវតែមានវិធីធ្វើយ៉ាងណា មិនអាចឱ្យក្ស័យធនបានទេ។
រីឯចំណុចទី៤ គឺលោកឧកញ៉ា មិនខ្លាចការមើលងាយមើលថោកពីអ្នកដទៃ ព្រោះការមើលងាយរបស់អ្នកដទៃគឺជាកម្លាំងមួយដែលធ្វើឱ្យយើងខ្លាំងជាងមុន ពេលណាយើងខ្លាំង យើងពូកែ យើងមាន នោះហើយជាចម្លើយឆ្លើយតបទៅគេវិញ។
ចំណុចទី៥ ដែលជាចំណុចចុងក្រោយ គឺលោកមិនខ្លាចនរណាយល់ច្រឡំពីលោកនោះទេ។ មនុស្សជាច្រើន តែងតែធ្វើរឿងជាច្រើន ដើម្បីផ្គាប់ភ្នែកអ្នកដទៃ ជិះឡានអីក៏ខ្លាចគេវាយតម្លៃ ប្រើប្រាស់របស់អីក៏ខ្លាចគេវាយតម្លៃ។ លោកបន្តថា នរណាក៏ដោយ យល់ច្រឡំពីយើងគឺជារឿងរបស់គេ សំខាន់យើងយល់ពីខ្លួនឯង ថាយើងជានរណា យើងចង់បានអ្វី កំពុងធ្វើអ្វី ថ្ងៃក្រោយយើងចង់សម្រេចអ្វី បើគេថាយើងមិនស្អាត មិនឆ្លាត មិនឡូយ មិនអស្ចារ្យ មិនមានអ្វីពិសេស គឺជារឿងរបស់គេ សំខាន់គឺយើងច្បាស់ខ្លួនឯងថាយើងជានរណា។
បុរី វិមានសំណាង ជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរីមានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕