កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ឯ.ក បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកពាណិជ្ជកម្មអន្តរជាតិ (Honorary Doctor Of International Business) និងពានរង្វាន់ភាពជាអ្នកដឹកនាំជោគជ័យនៅអាស៊ាន (Honorary Prestigious Asian Leadership Degree Morality Top Award) នៅបាងកក ប្រទេសថៃ។

ក្រោយត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៃទឹកដីកម្ពុជាវិញ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោកឧកញ៉ា បានបង្ហាញពីអារម្មណ៍រំភើប ដែលថ្នាក់ដឹកនាំ និងក្រុមការងាររបស់លោក បានទៅទទួលអបអរសាទរយ៉ាងច្រើនកុះករ ដោយមានទាំងកម្រងផ្កា និងស្នាមញញឹម។
ឧកញ៉ា យ៉ន សេងហាន បានលើកឡើងបន្ថែមថា៖ “ពិតជាអរគុណណាស់ នូវទឹកចិត្ត ក្តីគោរពស្រលាញ់ ដឹងគុណ របស់ថ្នាក់ដឹកនាំ និងសមាជិករបស់ក្រុមហ៊ុនទាំងអស់ ដែលមកទទួលខ្ញុំដោយស្នាមញញឹម។ សូមជូនពរគ្រប់គ្នាជួបប្រទ:នូវពុទ្ឋពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។ ដោយក្តីគោរពស្រលាញ់រាប់អានពីខ្ញុំ ឧកញ៉ាបណ្ឌិតយ៉នសេងហាន”។
សូមបញ្ជាក់ថា លោកឧកញ៉ា យ៉ន សេងហាន គឺជាអតីតអ្នកបួស និងជាគ្រូបង្រៀនផ្នែកព្រះវិន័យបិដកពុទ្ធសាសនា ហើយក៏ជាគ្រូបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យដល់យុវជនរាប់ពាន់នាក់ពេលកន្លងមក។ លោកឧកញ៉ា ត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ ទ្រង់សព្វព្រះហឬទ័យត្រាស់បញ្ញត្តិតែងតាំងជា ឧត្តមទីប្រឹក្សាផ្ទាល់ ដែលមានគោរម្យ៍ងារ “ពហូហត្ថាចិន្តាសង្គហមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍” កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ផងដែរ៕



