ថ្លែងនៅក្នុងវេទិការដ្ឋមន្ត្រីអាស៊ីអាគ្នេយ៍ និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) ក្រោមមូលបទ ការផ្សាភ្ជាប់ក្នុងតំបន់៖ ភាពជាដៃគូដើម្បីខ្សែច្រវ៉ាក់ដែលធន់នឹងវិបត្តិ និងប្រកបដោយចីរភាព នៅថ្ងៃទី១៧ តុលានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានគូសបញ្ជាក់ថា ដំណោះស្រាយសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដែលធន់នឹងវិបត្តិ និងប្រកបដោយចីរភាព ពិតជាមានភាពចាំបាច់មិនមែនសម្រាប់តែអាស៊ានប៉ុណ្ណោះទេ គឺសម្រាប់សេដ្ឋកិច្ចសាកលលោកទាំងមូល។
អ្នកឧកញ៉ាបន្តថា វិបត្តិដែលបង្កឡើងដោយកូវីដ១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយបានធ្វើឱ្យការស្តារឡើងវិញនូវសេដ្ឋកិច្ចស្ថិតនៅក្នុងហានិភ័យ និងធ្វើឱ្យកើនឡើងនូវថ្លៃទំនិញ ថាមពល និងម្ហូបអាហារ។ ក្នុងន័យនេះ អ្នកឧកញ៉ា គិត ម៉េង បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការស្អិតរមួតរួមគ្នាដើម្បីសន្តិភាព ឯកភាព និងវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយ។
ថ្លែងក្នុងវេទិកាដដែលនេះ អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់វិស័យឯកជន ក្នុងការចូលរួមជាមួយអាស៊ាន និងដៃគូអាស៊ាន ដើរតួជាស្ពានឆ្ពោះទៅកាន់សន្តិភាព សុខដុមរមនា និងវិបុលភាពប្រកបដោយបរិយប័ន្ន និងចីរភាព៕