លោក ខៀវ សុភ័គ ៖ មានឧកញ៉ាជាង ៧០០នាក់ប៉ុណ្ណោះ ទទួលគោរមងារពីព្រះមហាក្សត្រ

ជុំវិញ​ឧកញ៉ា

លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បានបញ្ជាក់ក្នុង​សន្និសីសារព័ត៌មាន​​ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះថា បច្ចុប្បន្នមាន​ឧកញ៉ា​ចំនួនជាង ៧០០នាក់​ប៉ុណ្ណោះដែល​ទទួលបាន​​គគោរមងារ «​ឧកញ៉ា»​ ប្រទាន​ដោយ​ព្រះមហាក្សត្រ​ បើ​ផ្អែក​តាម​តួលេខ​ទទួលបាន​ពី​ក្រសួង​ព្រះបរមរាជវាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅប្រទេសកម្ពុជាគិតមកដល់ពេលបច្ចុប្បន្នគោរមងារឧកញ៉ាត្រូវបានបែងចែកជា ៣ កម្រិត មានជាអាថ៌ ឧកញ៉ា អ្នកឧញ៉ា និងលោកឧកញ៉ា ខណៈដែលគោរមងារឧកញ៉ាមានស័ក្តិតូចជាង អ្នកឧកញ៉ានិងលោកឧកញ៉ា ហើយគោរមងារអ្នកឧញ៉ាមានស័ក្តិតូចជាងលោកឧកញ៉ា។

អនុក្រឹត្យ​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពីឆ្នាំ​ ២០១៧ បុគ្គល​ដែល​ទទួល​បាន​គោរម​ងារ​ឧកញ៉ា ទាល់តែមាន​ការ​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​សង្គម ដោយ​ផ្តល់​ជា​ប្រាក់ ​ឬ​សម្ភារៈ ដែល​មាន​តម្លៃ​លើ​ពី ​៥០ ​ម៉ឺន​ដុល្លារ។ យ៉ាងណា សម្រាប់អ្នកទទួលងារជា អ្នកឧកញ៉ា វិញ គឺមិនទាន់មានឯកសារបញ្ជាក់ចំនួនថវិកា ឬលក្ខខ័ណ្ឌជាក់លាក់ណាមួយនៅឡើយទេ។

សូមជម្រាបថា រាជរដ្ឋាភិបាល​ នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ២០២១ បានសម្រេចបង្កើតក្រុមការងារ​អន្តរក្រសួង​ធ្វើការសិក្សាផ្តួចផ្តើម និងរៀបចំ​លិខិតបទដ្ឋាន​គតិយុត្តសម្រាប់​គ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា ការដកហូត​គោរមងារ​ឧកញ៉ា និង​សិក្សា​ស្រាវជ្រាវ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​នានា​។

បើតាមសម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានថ្លែងថា​៖ «​នៅក្នុង​ការរៀបចំ​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ថ្មី​អាច​នឹង​មានចែង​កំណត់​អំពី​ការផ្ដល់​គោរមងារ ការកំណត់​អំពី​កាតព្វកិច្ច​របស់​ឧកញ៉ា និង លក្ខខណ្ឌ​នៃ​ការសម្រេច​ដក​គោរមងារ​ក្នុង​ន័យ ដើម្បី​លើកតម្កើង​តម្លៃ​នៃ​គោរមងារ​ជា​ឧកញ៉ា»​។

សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ និង​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ស្ដីពី​ឧកញ៉ា​ អាច​បញ្ចប់​នៅ​ឆ្នាំ​២០២២​នេះ ហើយ​​ឧកញ៉ា​មួយចំនួន​បង្ហាញ​ការគាំទ្រ​ដោយ​ចាត់ទុក​ថា នឹង​ជួយ​លើក​តម្លៃ​ឧកញ៉ា​ឡើងវិញ ស្របពេល​ឧកញ៉ា​ខ្លះ​បាន​យក​គោរមងារ​ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​៕