អ្នកឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រមទាំងកូនបង្កើតអ្នកឧកញ៉ា លាង ឃុន អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន ជីបម៉ុង គ្រុប និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប មានសទ្ធាជ្រះថ្លា ប្រគេនបច្ច័យ (ថវិកា) សរុបចំនួន ៥០ម៉ឺនដុល្លារអាមេរិច សម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានទីតាំងស្ថិតនៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងចំនួនបច្ច័យសរុបកន្លះលានដុល្លារនោះ រួមមាន៖
១. លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ប្រគេនបច្ច័យ ២០ម៉ឺនដុល្លារ
២. អ្នកឧកញ៉ា លាង ឃុន និងភរិយា ព្រមទាំងបុត្រធីតា ប្រគេន ១៥ម៉ឺនដុល្លារ
៣. អ្នកឧកញ៉ា លាង ម៉េង និងភរិយា ព្រមទាំងបុត្រធីតា ប្រគេន ១៥ម៉ឺនដុល្លារ
គួរបញ្ជាក់ផងដែរថា ការចូលរួមបរិច្ចាគថវិការបស់ ក្រុមគ្រួសារអ្នកឧកញ៉ា ទាំង ៣រូបខាងលើ ធ្វើឡើងតាមការអំពាវនាវរបស់ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីកសាងអគារសិក្សាថ្មី នៃសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្រាប់បណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ៕