សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ របស់ឧកញ៉ាបណ្ឌិត លី ឆេង នឹងរៀបចំកម្មវិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (Honorary Doctorate Degree in Educational Administration and Leadership – EAL) ជូនឯកឧត្តមបណ្ឌិត José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

កម្មវិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ)។

សូមជម្រាបជូនថា ការសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនដល់ប្រធានាធិបតីទីម័រខាងកើតនេះ គឺបន្ទាប់ពីមានការវាយតម្លៃពីក្រុមប្រឹក្សា វិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ និងដោយមើលឃើញពីប្រវត្តិ ស្នាដៃ សមិទ្ធផល និងគុណសម្បត្តិជាច្រើនឥតគណនារបស់ ឯកឧត្តមបណ្ឌិត José Ramos-Horta មានតម្លៃជាសកលក្នុងកិច្ចការអប់រំ និងភាពជាអ្នកដឹកនាំ ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងរយៈពេលជាង ៤ទសវត្សរ៍កន្លងមកនេះ ដែលជាគំរូមួយដ៏ល្អដល់យុវជនជំនាន់ក្រោយ៕


