ឧកញ៉ា អ៊ឹង គីមហុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL យល់ថា អ្នកខ្លះឃើញយើងដាក់ខ្លួនកាន់តែទាប ចាប់ផ្តើមជាន់យើងយកតែម្តង ឬចាប់ផ្តើមតិះដៀលយើងតែម្តង។
លោកឧកញ៉ា បានលើកឡើងក្នុងវីដេអូឃ្លីបមួយ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លើបណ្តាញសង្គមរបស់ខ្លួនថា៖ “ពាក្យចាស់ពោលថា «ងើយស្កក ឱនដាក់គ្រាប់» មានន័យថា យើងដាក់ខ្លួនកាន់តែទាប យើងនឹងកាន់តែមានតម្លៃ ប៉ុន្តែអ្នកខ្លះមិនដូច្នោះទេ ឃើញយើងដាក់ខ្លួនកាន់តែទាប ចាប់ផ្តើមជាន់យើងយកតែម្តង”។
“អ្នកខ្លះ ឃើញយើងចេញរកស៊ីថ្មីថ្មោង ចាប់ផ្តើមលក់អនឡាញកំប៉ិកកំប៉ុក ចាប់ផ្តើមត្មេះតិះដៀលគេតែម្តង រៀនអស់លុយគគោក មករកស៊ីអញ្ចឹង..រៀនដល់វិស្វករ រៀនដល់ពេទ្យ រៀនដល់ IT ចុងក្រោយមកលក់អនឡាញ។ មនុស្សមួយចំនួន ចូលចិត្តតិះដៀលគេបែបហ្នឹង។ អ្នកត្រូវចាំថា ពេលគេចេញរកស៊ី ពេលគេចេញលក់ដូរ ទោះតូចតាចក្តី មិនមែនមានន័យថា គេអន់ទេ ក៏មិនមែនមានន័យថា គេទាល់ច្រកអស់ផ្លូវដើរដែរ។ យើងគួរតែសរសើរគេ ដែលគេរៀនបានច្រើន មានចំណេះដឹងខ្ពង់ខ្ពស់ គេមានការងារល្អ មានតំណែងធំហើយ គេនៅឆ្លៀតមករកចំណូលបន្ថែមទៀត។ យើងគួរតែសរសើរគេ ដែលគេហ៊ានធ្វើរឿងបែបនេះ”។ លោកឧកញ៉ា បានបញ្ជាក់បន្ថែម។
សូមជម្រាបជូនថា ឧកញ៉ា អ៊ឹង គីមហុង រហស្សនាម «ឧកញ៉ាគួរឱ្យស្រឡាញ់» គឺជាអ្នកជំនួញវ័យក្មេងឆ្នើមម្នាក់ក្នុងវិស័យអចលនទ្រព្យ និងវិស័យកម្សាន្ត ហើយថ្មីៗនេះ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោកឧកញ៉ា ក៏ទើបតែ បើកឱ្យដំណើរការជាផ្លូវការ នូវក្លឹបកម្សាន្តថ្មីរបស់លោក ដែលទើបនឹងបង្កើតឡើងឈ្មោះថា «T7» ផងដែរ៕