ក្រុមហ៊ុន វីរៈប៊ុនថាំ ដាក់ឱ្យដំណើរការកម្មវិធីបញ្ញើទំនិញដោយខ្លួនឯង ចាប់ខែតុលានេះតទៅ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស របស់​ឧកញ៉ា សួរ វីរៈ ​​បានដាក់​ឱ្យដំណើរការ​កម្មវិធី VET EXPRESS ដែលជា​កម្មវិធី​បញ្ញើ​ដោយ​ខ្លួន​ឯង​បែបឌីជីថលជា​លើក​ដំបូង​នៅកម្ពុជា កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ២០២២ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​កំណើន​នៃការប្រើប្រាស់​សេវាកម្ម​របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ពីអតិថិជន​មានការ​កើន​ឡើង​ខ្ពស់ និង​ដើម្បី​ឱ្យ​អតិថិជន​​កាន់​តែ​ងាយស្រួល ហើយចំណេញ​ពេល​វេលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​​ឧកញ៉ា សួរ វីរៈ បាន​​ថ្លែង​ឱ្យ​ដឹង​ថា កម្ម​វិធីបញ្ញើទំនិញ​ខ្លូនឯង (VET EXPRESS) បានដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ ចាប់ពី​​ថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០២២។​ កម្មវិធីនេះ​នឹង​ផ្តល់អត្ថប្រយោជន៍យ៉ាង​ច្រើនសម្រាប់អតិថជន​ដោយ​មិនចាំបាច់រងចាំ​នៅបញ្ជរ​ទៀតទេ ​មានន័យថា នៅពេល​ដែល​​អតិថិជន​ទៅ​បញ្ជរ​បញ្ញើអីវ៉ាន់​គាត់មាន​ជម្រើស២ គឺទី១ ប្រសិន​បើ គាត់​បាន​តម្លើងAPPនេះ​ របស់​ក្រុមហ៊ុន វីរៈ ប៊ុនថាំ​ ហើយ​ គ្រាន់តែគាត់​ចុច​កន្លែង​បញ្ញើអីវ៉ាន់​ខ្លួន​ឯង​ហើយ​ គាត់ត្រូវ​បំពេញ​លេខទូរស័ព្ទ​អ្នក​ផ្ញើ លេខទូរស័ព្ទ​អ្នកទទួល​ ធ្វើ​ដូច​នេះ​​បុគ្គលិកបំពេញ​នៅ​បញ្ជរដែរ​ បន្ទាប់មក ​ចុចពាក្យ Save គឺនឹង​មាន​ QR Code​ មួយ​ ឬលេខា​បាកូដ​មួយ​ ដូច្នេះ​ គាត់​អាច​ប្រាប់​លេខកូដ​បញ្ញើអីវ៉ាន់​ ឬ QR Code ក៏បាន​ទៅ​កាន់បុគ្គលិក​ក្រុមហ៊ុន​ វីរៈ ប៊ុនថាំ​ ដើម្បី​ស្កេន​ បន្ទាប់ពី​ស្កេន​រួច​ហើយ​រាល់ព័ត៌មានទាំង​អស់ នឹង​​បំពេញ​ដោយស្វ័យប្រវត្តិក្នុង​កម្មវិធី​នេះ ​និង​អាចព្រីន​វិក័យប័ត្របាន​​ជាស្រេច​ អីចឹងគាត់មិនបាច់​រង់ចាំ​ទៀតទេ​។​

អត្ថប្រយោជន៍​មួយទៀត​ ទី២ គឺ​អតិថិជន​អាចបំពេញ​ព័ត៌មាន​សម្រាប់ផ្ញើអីវ៉ាន់​ពីផ្ទះ​មកឱ្យ​រួចរាល់​ក៏​បាន​ មុន​នឹងមក​ទីតាំង​បញ្ជរ​ ដោយគាត់គ្រាន់តែសរសេរលេខកូដបញ្ញើនីមួយៗដែល​លោត​ឡើង​នៅ​អេក្រង់ទូរស័ព្ទ​ ឧទាហរណ៍​លេខ ០០១៥ រួចសរសេរ​នៅលើបញ្ញើ​អីវ៉ាន់​ហ្នឹងទៅ ពេល​ទៅ​ដល់​កន្លែង​ផ្ញើ​គាត់គ្រាន់បង្ហាញ​លេខ​កូដនេះ នោះ​បុគ្គលិកនឹង​បំពេញ​លេខកូដ​នេះ​គឺព័ត៌មាន​ទាំងប៉ុន្មានមានស្រាប់​ អីចឹង​ព្រីន​បិទលើ​អីវ៉ាន់​រួច​ជាស្រេច​។កម្មវិធី​នេះ ​វា​លឿន​សម្រាប់អតិថិជន​ទាំងអស់​។​ សម្រាប់​ភ្ញៀវ​មិនទាន់​មាន​ កម្មវិធី VET EXPRESS របស់ក្រុមហ៊ុន​ វីរៈ ប៊ុនថាំ​ ទេ យើង​មាន​បាកូដមួយ​នៅ​ទីតាំង​បញ្ជរ​របស់ក្រុមហ៊ុន​ ដូច្នេះ​ គ្រាន់តែ​អតិថិជន​ ស្កេន​លើបាកូដនេះ គឺគាត់អាច​ប្រើប្រាស់​កម្មវិធីបញ្ញើអីវ៉ាន់​ដោយខ្លួន​ឯងបាន​ហើយ។

លោកឧកញ៉ា ​​បាន​បញ្ជាក់​បន្ថែម​ថា ទាំងអ្នកផ្ញើ និង​អ្នក​ទទួល​ គឺ​អាច​ប្រើប្រាស់​ APP នេះ​បាន​ដូចគ្នា​។ សម្រាប់​អ្នកទទួលអីវ៉ាន់​ ដែល​បាន​តម្លើង​ APP នេះ​រួចហើយ​នោះ នៅពេល​ដៃគូគាត់​ផ្ញើអីវ៉ាន់​មក​ គាត់​អាច​មើលឃើញអីវ៉ាន់​ដល់ណា​ បានន័យថា​ ទំនិញ​នេះ​បាន​ដល់ទីតាំង​កន្លែងណាហើយ​ គាត់​អាច​តាម​ដាន​មើលទំនិញ​របស់គាត់​ទៅដល់ទីតាំងណា ទៅដល់សាខាណា​ ហើយ​គាត់អាច​​​ដឹង​ថា នឹង​ទទួលបាន​អីវ៉ាន់​នៅពេលណា៕