ឧកញ៉ា ផែ ហុកឈួន ជាអគ្គនាយកក្រុមហ៊ុន យីតាក់ គ្រុប ដែលជាអ្នករកស៊ីដ៏លេចធ្លោនិងមានឥទ្ធិពលមួយរូបនៅក្នុងវិស័យកសិកម្មកម្ពុជា។ យីតាក់ គ្រុប ជាក្រុមហ៊ុនដែលនាំចូលនិងចែកចាយ ជី អ៊ិនប៉េកា សញ្ញាក្បាលក្របី និង ជី អិនប៉េកា សញ្ញាស្លឹកមាស លើដំណាំស្រូវ ដែលសហការជាមួយក្រុមហ៊ុន ជីប៊ិញឌៀន ដ៏ធំនៅប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ២០០២មកម្លេះ។

ក្រុមហ៊ុន យីតាក់ គ្រុប មានថ្នាក់ដឹកនាំសំខាន់ៗចំនួន ២រូបជាអ្នកកាច់ចង្កូតបញ្ជារដោយផ្ទាល់គឺឧកញ៉ា ផែ ហុកឈួន អគ្គនាយក និងឧកញ៉ា សុខ ឆេង អគ្គនាយករងក្រុមហ៊ុន យី តាក់។
ឧកញ៉ា ផែ ហុកឈួន ក្រៅពីជំនួញនាំចូលជីកសិកម្ម លោកក៏ជាប្រធានក្រុមហ៊ុន ឡឺប្រេស៉ីដង់ អូតែលកូបេ ផងដែរ។
បន្ថែមពីនេះ កាលពីឆ្នាំ២០១៩ កន្លងទៅ លោកក៏បានសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារប្រទេសចិនដែលមានទីតាំងស្ថិតនៅស្រុកឈូក ខេត្តកំពត ក្រោមស្លាកក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក ។
រោងចក្រវេចខ្ចប់នេះរៀបចំដំណាំចេកលើផ្ទៃដីសរុប១,០០០ហត ដែលប្រើប្រាស់ទុនវិនិយោគជាង៣២លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានស្រូបយកកំលាំងពលកម្មក្នុងស្រុកជាង៨០០នាក់ផងដែរ៕




