បុរី ចំណាន ថារី ជាបុរីមួយទើបបង្កើតថ្មី និងកំពុងតែដំណើរការសាងសង់នៅលើផ្លូវ២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកដំណើរជាច្រើន ដែលជិះកាត់ស្តុបណតប្រ៊ិដ តែងតែឃើញការិយាល័យលក់របស់បុរីនេះ និងតែងមានចម្ងល់ថា តើម្ចាស់បុរីនេះជានរណា?
ឆ្លើយតបនឹងចម្ងល់ខាងលើ តាមពិត បុរី ចំណាន ថារី គឺជារបស់ឧកញ៉ា អ៊ុល ចំណាន និងលោកជំទាវ ម៉ៅ ថារី។ លោកឧកញ៉ា អ៊ុល ចំណាន គឺជាប្រធានក្រុមប្រឹក្សា និងជាស្ថាបនិកគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ លោកឧកញ៉ា បានបង្កើតគម្រោងបុរីនេះឡើង ដោយដាក់បញ្ចូលឈ្មោះរបស់លោក និងភរិយាតែម្តងគឺ «បុរី ចំណាន ថារី» ហើយបុរីនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ លោក អ៊ុល ចំណាន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្កាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
សូមជម្រាបជូនថា បុរី ចំណាន ថារី មានទីតាំងបែរមុខទៅផ្លូវ២០០៤ កែងផ្លូវណតប្រ៊ិដ និងផ្លូវដួងងៀប ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងពោរពេញដោយចរន្តសេដ្ឋកិច្ច មមាញឹក និងកំពុងមានសក្តានុពលខ្លាំង។ បុរី ចំណាន ថារី បានចាប់ផ្តើមបើកលក់ជាបណ្តើរៗ តាំងពីខែកក្កដា ឆ្នាំ២០២២ ដោយក្នុងនោះមានជាលក្ខណៈ ផ្ទះអាជីវកម្ម, វីឡា Twin និងវីឡា King ផងដែរ៕