ខេត្តស្វាយរៀង ស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ប្រទេសវៀតណាម បច្ចុប្បន្នជាខេត្តសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏សំខាន់ដែលមានតំបន់សេដ្ឋកិច្ចពិសេសចំនួនប្រមាណ ១២កន្លែងកំពុងដំណើរការ។ ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀងក៏មានរោងចក្រសហគ្រាស ដែលបានចុះបញ្ជីជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២៥២កន្លែងផងដែរ។
ដើម្បីបង្កើនសកម្មភាព និងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម ពិេសេសនោះគៀងគរវិនិយោគិនបរទេសឲ្យមកបណ្តាក់ទុនបន្ថែមទៀត រាជរដ្ឋាភិបាល រយៈសភាពាណិជ្ជកម្មកម្ពុជា ក៏បានបង្កើតសភាពាណិជ្ជកម្មមណ្ឌលខេត្តស្វាយរៀងថ្មីមួយបន្ថែមទៀត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៤។
បច្ចុប្បន្ននេះសភាពាណិជ្ជកម្មខេត្តស្វាយរៀងមានឧកញ៉ា សុក រ៉ាដូ ជាប្រធានដែលបាននឹងកំពុងដើរតួនាទីដ៏សំខាន់ និងជាយន្តការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយកៀរគរការវិនិយោគរបស់រាជរដ្ឋាភិបាលបានកាន់តែជោគជ័យថែមទៀត ជាពិសេសក្នុងការការពារនូវផលប្រយោជន៍ជូនដល់ឧស្សាហករ ពាណិជ្ជករ អាជីវករ និងកសិករនៅក្នុងខេត្ត។
ឧកញ៉ា សុក រ៉ាដូ ឡើងកាន់ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ជំនួសលោក សំ ស៊ីថាយ ដែលត្រូវផុសអាណត្តិ ក្រោមវត្តមាន ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
សូមជម្រាបថា លោក សុក រ៉ាដូ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់គោរមងារជា «ឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២០/១០២៩ ចុះនៅថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០២០៕