ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី បានផ្តល់ជាអនុសាសន៍ថា ចូរសម្រិតសម្រាំងមនុស្សដែលយើងមានទំនាក់ទំនង ប្រកបដោយភាពឈ្លាសវៃ ព្រោះជាទូទៅ សម្ព័ន្ធភាពជាមួយអ្នកដទៃ មានឥទ្ធិពលអាចកំណត់វាសនារបស់យើងបាន។

លោកឧកញ៉ា បានលើកឡើងលើបណ្តាញសង្គម ភ្ជាប់ជាមួយរូបភាពដែលលោកបានធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃពុធយ៉ាងដូច្នេះថា យើងកេីតមកនៅលេីផែនដីនេះ រមែងមានទំនាក់ទំនង គ្នានិងគ្នាទៅវិញទៅមកជារឿងធម្មតា។ ជីវិតពុំមានពេលវេលាច្រើនគ្រប់គ្រាន់សម្រាប់ចំណាយពេលនៅជាមួយបុគ្គលដែលអូសទាញអ្នកទៅរកផ្លូវខុស ហើយជីវិតក៏មិនខ្លីហួសក្នុងការផ្ដល់ជំនឿចិត្តចំពោះអ្នកដទៃនោះដែរ ។
“ជាទូទៅ សម្ព័ន្ធភាពជាមួយអ្នកដទៃនឹងកំណត់ឱ្យកេីតជារូបអ្នក ហើយមានឥទ្ធិពលទៅលេីការរស់នៅ ការងារ និងសេចក្ដីសុខក្នុងជីវិតរបស់អ្នក។ ដូច្នេះ ចូរសម្រិតសម្រាំងមនុស្សដែលអ្នកមានទំនាក់ទំនងប្រកបដោយភាពឈ្លាសវៃរបស់អ្នកទៅចុះ”។ លោកឧកញ៉ា បានបញ្ជាក់បន្ថែម។
សូមជម្រាបជូនថា ឧកញ៉ា ហេង បូរិន ត្រូវបានគេដឹងថាជាអ្នកជំនួញមួយរូប ដែលពូកែខាងទំនាក់ទំនងជាមួយដៃគូនានា ជាពិសេសដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។ យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ លោកឧកញ៉ា ក៏ទើបធ្វើពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងទី២ បុរី ហេង បូរិន គ្រុប ដោយមានភ្ញៀវកិត្តិយសជាច្រើនចូលរួមផងដែរ បន្ទាប់ពីបុរី របស់លោកដែលមានទីតាំងស្ថិតនៅសង្កាត់បែកចាន ខណ្ឌកំពូលរាជធានីភ្នំពេញ មានការគាំទ្រពីអតិថិជន កាន់តែច្រើនឡើង៕

