លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចធុរកិច្ចនៅអាប៊ូដាប៊ីអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដើម្បីចូលរួមពិធីប្រកាសបើកការចចារជាផ្លូវការកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលា។
ក្នុងឱកាស នៃដំណើរទស្សនកិច្ចធុរកិច្ចនេះ កម្ពុជា និងអារ៉ាប់រួម ក៏នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ននៃប្រទេសទាំងពីរ និងក្រុមហ៊ុនសរុបជាង៧០ក្រុមហ៊ុន។
តាមការគ្រោងទុក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានឹងថ្លែងសុន្ទរកថាក្នុងវេទិកានេះ ដោយលើកយកកាលានុវត្តភាព ធុរកិច្ចវិនិយោគ ស្ថានភាពសេដ្ឋកិច្ច និង វិស័យសក្តានុពលរបស់កម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឌីជីថលសហគ្រាសធុនតូចនិងមធ្យម និងពិនិត្យលទ្ធភាពសហការលើគម្រោងរួមរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។
ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងទៅបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនមួយចំនួននៅអាប៊ូដាប៊ី អេមីរ៉ាតអារ៉ាប់រួមផងដែរ៕