នៅក្នុងប្រទេសកម្ពុជាមានការប្រកបអាជីវកម្មក្នុងវិស័យអចលវត្ថុច្រេីនប្រភេទ ឬភាសាសាមញ្ញហៅថា “រកសុីអចលនទ្រព្យ”។ យ៉ាងណា ក៏មានអ្នកខ្លះបានយល់ច្បាស់ និងបែងចែកការរកសុីអចលនទ្រព្យបានយ៉ាងត្រឹមត្រូវតាមប្រភេទអាជីវកម្ម និងមួយចំនួនទៀត យល់ដឹងខ្លះៗ តែមិនមិនទាន់ច្បាស់លាស់ ហើយអ្នកខ្លះទៀតបានលឺ និងតែងតែនិយាយយល់មិនទាន់ច្បាស់ទាល់តែសោះ។
ទាក់ទិននឹងការរកស៊ីអចលនវត្ថុនេះដែរ អ្នកជំនាញនិងជាប្រធានសមាគមអចលនទ្រព្យសកល ឧកញ៉ា សំ សុខនឿន បានលើកឡើងនូវការប្រកបអាជីវកម្មក្នុងវិស័យអចលនវត្ថុបច្ចុប្បន្នចំនួន ៥ ប្រភេទ៖ ១. អភិវឌ្ឍអចលនទ្រព្យ ២. វិនិយោគអចលនទ្រព្យ ៣. គ្រប់គ្រងអចលនទ្រព្យ ៤. វាយតម្លៃអចលនទ្រព្យ ៥. ភ្នាក់ងារអចលនទ្រព្យ។
ក្នុងចំណោម ៥ប្រភេទខាងលើនេះ លោកឧកញ៉ា សំ សុខនឿន បានអធិប្បាយអំពីជីវិតភ្នាក់ងារអចលនទ្រព្យមួយតែប៉ុណ្ណោះ ដោយថ្លែងយ៉ាងដូច្នេះថា៖ មានបងប្អូនមួយចំនួនគិតថា ការងារជាភ្នាក់ងារអចលនទ្រព្យគឺជាការងារងាយស្រួល ហេីយរកលុយបានយ៉ាងងាយ ជាពិសេសបានកម្រៃជេីសារ ឬកុងស្យុងច្រេីនពីការលក់អចលនទ្រព្យ និងបងប្អូនតែងគិតថា មិនពិបាក អ្នកណាក៏អាចធ្វេីបាន។ រហូតមានបងប្អូនយេីងមួយចំនួនជាកសិករ ជាកម្មករ ជាអ្នករត់ម៉ូតូឌុប អ្នករតតាក់សុី គ្រូបង្រៀន មេផ្ទះ សិស្សនិស្សិត អាជីវករក្នុងផ្សារ អ្នករត់PassApp ម្ចាស់អាជីវកម្មផ្សេងៗ អ្នកមុខអ្នកការ តូចធំ -ល- មួយចំនួនបានមកធ្វេីជាភ្នាក់ងារអចលទ្រព្យ ដែលគេហៅក្រៅផ្លូវការថា “អ្នកគក់ជេ”។
លោកឧកញ៉ាគូសបញ្ជាក់ថា មានម្ចាស់អចលនទ្រព្យ ឬអ្នកទិញខ្លះ លេងតិចនិច មុខក្រោយ ឆ្វេងស្តាំង មិនមានបំណងឱ្យកុងស្យុងទៅបងប្អូនដែលជាភ្នាក់ងារអចលនទ្រព្យ ឬភាសាសាមញ្ញថា សុីដាច់កុងស្យុងពួកគាត់ក៏មាន។
ឧកញ៉ា សំ សុខនឿន ថ្លែងថា តាមពិតទៅការងារជាភ្នាក់ងារអចលនទ្រព្យអាជីព មិនមែនជាការងារងាយស្រួលនោះទេ ពួកគាត់ត្រូវមាន៖
១. ការឩស្សាព្យាយាម មិនគិតយប់ថ្ងៃក្តៅរងារ ភ្លៀង ឬផ្លូវដីហុយយ៉ាងណាក៏គាត់ត្រូវតែទៅ ដេីម្បីដល់អចលនទ្រព្យដែលគាត់ត្រូវជួយលក់ ឬជួយទិញ។
២. គាត់ត្រូវមានជំនាញអំពីនិតិវិធីនៃការទិញលក់យ៉ាងច្បាស់។
៣. គាត់ត្រូវមានជំនាញខាងតម្លៃដីធ្លី ឬអចលនទ្រព្យយ៉ាងច្បាស់ ហេីយត្រូវធ្វេីបច្ចុប្បន្នភាពអំពីតម្លៃគ្រប់ពេល។
៤. គាត់ត្រូវស្គាល់ភូមិសាស្រ្ត និងបច្ចេកវិទ្យានៃការប្រេីប្រាស់ផែនទីគ្រប់ប្រភេទទាក់ទងនឹងដីធ្លី។
៥. គាត់ត្រូវមានចំណេះដឹងអំពីការព្យាករណ៍តម្លៃនាពេលអនាគត។
៦. គាត់ត្រូវយល់ដឹងអំពីនយោបាយ និងសេដ្ឋកិច្ច។
៧. គាត់ត្រូវមានពត៌មាននៃការអភិវឌ្ឍន៍ច្បាស់លាស់។
៨. មានជំនាញទំនាក់ទំនង។
៩. មានគំនិតវិជ្ជមាន។
១០. មានចិត្តអត់ធ្មត់ខ្លាំង និងចេះបន្ទាប់ខ្លួនគ្រប់ពេលវេលា។
១១. ចេះសម្របខ្លួនឯងគ្រប់ស្ថានភាព និងឥរិយាបទរបស់មនុស្សគ្រប់ប្រភេទ-ល-។
បើតាមអ្នកជំនាញរូបនេះ ដោយសារក្នុងប្រទេសកម្ពុជាមានអ្នកតាំងខ្លួនជាភ្នាក់ងារអចលនទ្រព្យតាមចិត្តនឹកឃេីញ ទោះមិនមានជំនាញក៏ដោយបានធ្វេីឱ្យប៉ះពាល់ដល់តម្លៃនៃភ្នាក់ងារអាជីពដែលមានជំនាញ និងក្រមសីលធម៌ពិតប្រាកដ។
លោកឧកញ៉ាបញ្ចាក់បន្ថែមថា “អ្នកគក់ជេអចលនទ្រព្យ“ មិនថា អ្នកលក់ដីឡូត៍ លក់ផ្ទះ លក់ដីធ្លី លក់ខុនដូ សុទ្ធតែមិនមែនពួកគាត់រកលុយបានងាយៗដូចមនុស្សទូទៅគិតនោះទេ គឺខិតខំរកដី ឬអចលនទ្រព្យយ៉ាងច្រេីនកន្លែង តូចធំ រាប់រយអចលនទ្រព្យទំរាំបានត្រូវចិត្តអ្នកទិញមួយៗ ឬរកអ្នកទិញរាប់រយនាក់ ពាន់នាក់ក៏មានទំរាំមានអ្នកទិញពិតប្រាកដមួយ រហូតមានភ្នាក់ងារខ្លះ រាបសិបឆ្នាំមិនទាន់ត្រូវមួយផងក៏មាន៕