ស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ ត្រូវបានបើកសម្ពោធជាផ្លូវការ ក្រោមវត្តមានលោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន RTNK Investment Co.,Ltd និងលោក Nuttapong Kaewtrakulpong នាយកគ្រប់គ្រងក្រុមហ៊ុន PTT (Cambodia) Limited នៅបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

ស្ថានីយប្រេងឥន្ធនៈ PTT ថ្មីនេះ នឹងក្លាយជាកន្លែង ដែលផ្តល់នូវភាពងាយស្រួលក្នុងការទិញទំនិញ និងប្រេងឥន្ធនៈគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់។ សេវាកម្មទាំងនេះ មានដូចជា ហាងកាហ្វេ Cafe Amazon, ហាងលក់ទំនិញ 7 Eleven, ភោជនីយដ្ឋាន Brew Park និងហាងជាច្រើនទៀត។ ជាពិសេស មានកន្លែងចតរថយន្តធំទូលាយ ព្រមទាំងបន្ទប់ទឹកស្អាត ដែលជួយសម្រួលដល់អតិថិជន អ្នកដំណើរ និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នោះ ទទួលបានបទពិសោធន៍នៃការចាក់ប្រេងឥន្ធនៈប្រកបដោយបរិយាកាសមានផាសុកភាព។

គួរបញ្ជាក់ថា PTT នេះ ជាសាខាថ្មីទី ១៣៦ របស់ PTT Station ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ PTT ព្រែកហូរ ៥០ម៉ែត្រ មានឆន្ទៈនៅក្នុងការបំពេញតម្រូវការរបស់អតិថិជនក្នុងកម្រិតថ្មីមួយទៀត ដែលអតិថិជនគ្រប់គ្នានឹងពេញចិត្ត ១០០% ទៅលើសេវាកម្មដែលនឹងផ្តល់ជូន៕





