ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ឯ.ក យល់ឃើញថា ក្នុងនាមជាប្តីល្អ បើសិនជាស្រលាញ់ប្រពន្ធ គឺត្រូវតែសន្សំលុយទិញគ្រឿងអលង្ការឱ្យប្រពន្ធ កុំសន្សំលុយទិញស្រា ឬសន្សំលុយឱ្យស្រី។

លោកឧកញ៉ា បានលើកឡើងលើបណ្តាញសង្គម កាលពីថ្ងៃអាទិត្យម្សិលមិញថា លោកនឹកស្រណោះក្នុងអំឡុងពេលឆ្នាំ២០១០ (១៣ឆ្នាំមុន) លោកខំសន្សំលុយទិញមាស១ដំឡឹង ជូនប្រពន្ធ គឺខ្សែក៥ជី ខ្សែដៃ៥ជី ជាលេីកដំបូង បន្ទាប់ពីរៀបការបាន៣ឆ្នាំ កាលនោះលោករំភេីបណាស់ ពិសេសប្រពន្ធរំភេីបឡេីងយំតែម្តង ព្រោះជាលេីកទីមួយក្នុងឆាកជីវិតរបស់គាត់ ដែលបានស្គាល់ជាតិមាសនៅលេីខ្លួនក្នុងវ័យ២១ឆ្នាំ។

អគ្គនាយកក្រុមហ៊ុន សេងហាន ឯ.ក បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ “ស្រលាញ់ប្រពន្ធ ត្រូវធ្វេីអ្វីដែលប្រពន្ធត្រូវការ។ ស្រលាញ់ប្រពន្ធ ត្រូវសន្សំលុយទិញគ្រឿងអលង្ការឱ្យប្រពន្ធ កុំសន្សំលុយទិញស្រា ឬសន្សំលុយឱ្យស្រី”។
សូមជម្រាបជូនថា ឧកញ៉ា យ៉ន សេងហាន តែងតែបង្ហាញភាពផ្អែមល្ហែម និងក្តីស្រលាញ់ដ៏ស្មោះត្រង់ចំពោះភរិយារបស់លោកគឺលោកជំទាវ ម៉ៃ សុម៉ាលី។ ជាពិសេសនៅលើបណ្តាញសង្គម លោកឧកញ៉ា តែងតែសរសើរពីភរិយារបស់លោកជាប្រចាំ។

លោកឧកញ៉ា យ៉ន សេងហាន គឺជាអតីតអ្នកបួស និងជាគ្រូបង្រៀនផ្នែកព្រះវិន័យបិដកពុទ្ធសាសនា ហើយក៏ជាគ្រូបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យដល់យុវជនរាប់ពាន់នាក់ពេលកន្លងមក។ លោកឧកញ៉ា ត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ ទ្រង់សព្វព្រះហឬទ័យត្រាស់បញ្ញត្តិតែងតាំងជា ឧត្តមទីប្រឹក្សាផ្ទាល់ ដែលមានគោរម្យ៍ងារ “ពហូហត្ថាចិន្តាសង្គហមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍” កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីលោកទទួលបានងារជា «ឧកញ៉ា» កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០៕
