ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដឹកនាំគ្រួសារ KW Cambodia ផ្លាស់ប្ដូរបទពិសោធន៍អចលនទ្រព្យជាមួយប្រទេសជាង ៥០មកពីជុំវិញពិភពលោក

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេស បានដឹកនាំគ្រួសារ KW នៅកម្ពុជា ទៅចូលរួមផ្លាស់ប្ដូរបទពិសោធន៍លើវិស័យអចលនទ្រព្យ ក្នុងកម្មវិធី KW Asia Summit 2022 នៅម៉ាឡេស៊ី។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការបញ្ជាក់ឱ្យដឹង ពីប្រធានស្ថាបនិក KW Cambodia ឧកញ៉ាបណ្ឌិត គីម ហ៊ាង ថា ការដឹកនាំក្រុមទៅចូលរួមកម្មវិធី KW Asia Summit 2022 នេះ មានសមាជិកតំណាងតាមប្រទេសជាង ៥០ប្រទេសចូលរួម។ កម្មវិធីនេះ ធ្វើឡើង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក និងចែករំលែកចំណេះដឹងគ្នារវាងប្រទេសជាសមាជិកនិយាយជារួម ហើយនិយាយដោយឡែក ក្នុងនាម KW កម្ពុជាយើង ក៏ជាសមាជិកតំណាងប្រទេសយើងផងដែរ។

ម្ចាស់បុរី វិមានសំណាង ដដែលរូបនេះ ពន្យល់បន្ថែមទៀតថា ជំនួបឈុតធំកម្រិតអន្តរជាតិ នៅប្រទេសម៉ាឡេស៊ីលើកនេះ យើងរំពឹងថា សមាជិករបស់ KW Cambodia យើងទាំងអស់គ្នា នឹងទទួលបានឱកាសផ្លាស់ប្ដូរបទពិសោធន៍ ជាពិសេសស្វែងយល់បន្ថែមឱ្យបានកាន់តែច្រើនថែមទៀតពីបច្ចុប្បន្នភាពក្នុងវិស័យអចលនទ្រព្យទាំងក្នុងកម្រិតតំបន់អាស៊ាន និងទីផ្សារអន្តរជាតិ។

គួររំឮថា កាលពីខែសីហាឆ្នាំ២០១៨ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate ដែលជាក្រុមហ៊ុនមានបទពិសោធន៍ចាស់វស្សា និងកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានទទួលសិទ្ធិផ្តាច់មុខពិសេស ក្នុងការនាំយកសិទ្ធិអាជីវកម្ម KW មកកម្ពុជា និងដាក់ឈ្មោះ​ថា Keller Williams Cambodia។

ហើយកម្ពុជា ជាប្រទេសទី៤ក្នុងតំបន់អាស៊ាន ដែលក្រុមហ៊ុនអចលនទ្រព្យ​លំដាប់​ពិភពលោក Keller Williams Realty បានចូលមកធ្វើប្រតិបត្តិការទីផ្សារ បន្ទាប់ពី​ប្រទេស​វៀតណាម ឥណ្ឌូណេស៊ី និងប្រទេសហ្វីលីពីន ហើយក៏ជាប្រទេសទី៨ នៅអាស៊ីដែលទទួលបានសិទ្ធិធ្វើអាជីវកម្មពិសេសបន្ត ឬហៅថា Master Franchise ពីKW របស់សហរដ្ឋអាមេរិកនេះ៕