ថ្មីៗនេះ មានជនអនាមិក បានក្លែងបន្លំបង្កើតលេខតេឡេក្រាម ដោយប្រើប្រាស់ឈ្មោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងឆបោកផ្សេងៗ។

ជាការឆ្លើយតប ដើម្បីកុំឱ្យមានការភាន់ច្រឡំតទៅទៀត អ្នកឧកញ៉ា គិត ម៉េង បានជូនដំណឹងលើទំព័រហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា៖ “សូមជម្រាបជូនពុកម៉ែបងប្អូន មិត្តភក្តិ និងអ្នកទាំងអស់គ្នាថាថ្មីៗនេះ មានជនអនាមិក បានក្លែងបន្លំបង្កើតលេខតេឡេក្រាម (Telegram) ដោយប្រើប្រាស់ឈ្មោះរបស់ខ្ញុំ គិត ម៉េង (Kith Meng)។ ប្រសិនបើបងប្អូន និងអ្នកទាំងអស់គ្នាបានទទួលសារ ដែលអះអាងថាជាខ្ញុំ សូមកុំយកចិត្តទុកដាក់។ សូមប្រុងប្រយ័ត្នចំពោះការឆបោកដែលកំពុងកើតមាន ដោយការប្រើឈ្មោះ និងរូបថតរបស់ខ្ញុំ”។

អ្នកឧកញ៉ា បានបន្ថែមថា លោកសូមបដិសេដដាច់ខាត និងសូមឱ្យជនឆបោកទាំងនោះបញ្ឈប់ជាបន្ទាន់នូវទង្វើបោកប្រាស់នេះ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាផ្តន្ទាទោសជនឆបោកនេះ តាមច្បាប់ជាធរមាន។ ជាចុងក្រោយ អ្នកឧកញ៉ា សូមឱ្យបងប្អូនទាំងអស់ មេត្តាកុំចាប់អារម្មណ៍ ឬឆ្លើយតបទៅនឹងសារនៃលេខតេទ្បេក្រាមក្លែងបន្លំនេះ។
សូមជម្រាបជូនថា ការឆបោកតាមរយៈបណ្តាញសង្គមតេឡេក្រាម កំពុងតែមានកើនឡើង និងជាច្រើនរូបភាព នាពេលបច្ចុប្បន្ន។ ជាក់ស្តែង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានជូនដំណឹងពីករណី មានការប្រើល្បិចលួចយកគណនីតេឡេក្រាម តាមរយៈការបោកបញ្ឆោត ដោយចោរបច្ចេកវិទ្យា (Hackers) អ្នកបោកប្រាស់បានបង្កើតតំណភ្ជាប់ក្លែងក្លាយ ដោយដាក់រូបភាពមានចលនា (Gif) និងតំណភ្ជាប់ ដែលមើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនតេឡេក្រាមក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ ដើម្បីលួចយកគណនី ផងដែរ៕


