ណែនាំឱ្យស្គាល់ឧកញ៉ា២រូប ជាម្ចាស់រោងចក្រស៊ីម៉ង់ត៍ តម្លៃ២៣០លានដុល្លារ នៅខេត្តបាត់ដំបង

ជុំវិញ​ឧកញ៉ា

រោងចក្រផលិតស៊ីម៉ង់ត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) ដែលវិនិយោគអស់ទឹកប្រាក់ ២៣០លានដុល្លារ នៅតំបន់ភ្នំដូនមាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ធំៗ​ពីរ​ចូល​ហ៊ុន​គ្នា ​ក្នុង​នោះ​ក៏​មាន​អ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងឧកញ៉ា វិញ ហួរ ជា​សហស្ថាបនិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ​ផលិតស៊ីម៉ងត៍​ជា​ផ្លូវការ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ រោងចក្រ​នេះ ត្រូវបានសង់នៅលើទីតាំងដែលមានផ្ទៃដីសរុបទំហំ ៣១៦ ហិកតា និងប្រើរយ:ពេលសាងសង់ចំនួន ១៨ខែ គិតចាប់តាំងពីចុងឆ្នាំ ២០១៦ ក្នុងគម្រោងទុនវិនិយោគ ប្រមាណ ២៣០លានដុល្លារអាមេរិក ដែល​ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន Conch International Holding (HK) Limited និងក្រុមហ៊ុន Battambang KT Cement Co.,Ltd តំណាងដោយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា វិញ ហួរ។

អ្នកឧកញ៉ា ស៊ី គង់ទ្រីវ

អ្នកឧកញ៉ា ស៊ី គង់ទ្រីវ ​ត្រូវ​បាន​គេ​ដឹង​​ថា ​គឺជា​​សេដ្ឋី​កំពូល​មួយ​រូប​នៅ​កម្ពុជា និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​ ហើយ​លោកជា​​នាយក​ក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិក ​គ្រុប​ លីមីធីត និងជា​ម្ចាស់​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់​នៅ​ភ្នំពេញ។ ចំណែក​ឯ​ ឧកញ៉ា វិញ ហួរ ជា​អគ្គនាយកក្រុមហ៊ុន​ កំពង់ផែកំពត (Kampot Port Co.,Ltd) និង​ជា​ម្ចាស់​ក្រុមហ៊ុន «វិញ ហួរ» អភិវឌ្ឍន៍​លើ​ដំណាំ​អំពៅ នៅ​ភូមិ​ពាម ឃុំ​អូរស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ ដើម្បី​ផលិត​ស្ករ​នាំ​ចេញ​ទៅ​បរទេស ផងដែរ។

ឧកញ៉ា វិញ ហួរ

សូមបញ្ជាក់ថា រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានសមត្ថភាព ផលិតស៊ីម៉ងត៍បាន​ប្រមាណ ៥,០០០ តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត ២លានតោនក្នុងមួយឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​​​ឱ្យ​ដឹង​ថា រោងចក្រនេះ គឺអាចផ្គត់ផ្គង់​​ទៅ​​កាន់​ខេត្តមួយចំនួននៅក្នុងតំបន់ ដូចជាខេត្តបាត់ដំបងខ្លួន​ឯង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និង​សៀមរាប ដែលទាំងអស់នេះ គឺជាតម្រូវការ និងជាផលចំនេញ​មួយ​សំរាប់បំពេញតម្រូវការក្នុងស្រុក ខណៈ​ដែលបច្ចុប្បន្ន កម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើន ក្នុងការ​សាង​សង់ផ្សេងៗ ដូចជាផ្លូវថ្នល់ សាលារៀន និងសំណង់អគារផ្សេងៗ៕