អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានផ្តល់ជាអនុសាសន៍ថា កុំស្តាយត្រឹមតែស្នាមញញឹមមួយ ព្រោះការញញឹមមិនត្រូវការបង់លុយទេ ហើយស្នាមញញឹម វាជួយផ្តល់នូវថាមពលជាវិជ្ជមានដល់ខ្លួនយើង និងដទៃផងដែរ។

ម្ចាស់សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃពុធម្សិលមិញ យ៉ាងដូច្នេះថា៖ “កុំស្តាយត្រឹមតែស្នាមញញឹមមួយ ព្រោះការញញឹមអត់ត្រូវការបង់លុយមួយកាក់មួយសេននោះទេ។ ជីវិតយើងហត់នឿយគ្រប់គ្រាន់ហើយ សូមកុំឱ្យកាន់តែហត់នឿយបន្ថែមទៀត”។
លោកបានបន្ថែមថា ញញឹមចុះ បើវាធ្វើឱ្យយើង និងអ្នកជុំវិញខ្លួនមានក្តីសុខ ប៉ុន្តែសូមឱ្យញញឹមចេញពីចិត្ត ចេញពីបេះដូង មិនមែនជាស្នាមញញឹមក្លែងក្លាយនោះទេ។ ស្នាមញញឹមដែលមិនស្រស់ស្រាយ វាមិនមែនជាស្នាមញញឹមពិតឡើយ ហើយភាពស្រស់ស្រាយដែលមិនផុសចេញពីបេះដូង និងមិនបានបង្ហាញតាមរយៈក្រសែភ្នែក ក៏មិនមែនជាភាពស្រស់ស្រាយដែរ។ ដូច្នេះ សូមញញឹមដោយស្រស់ស្រាយ ព្រោះវាផ្តល់ថាមពលវិជ្ជមានដល់ខ្លួនយើង និងអ្នកដទៃ។

សូមជម្រាបជូនថា ក្នុងបរិបទទំនាក់ទំនងការងារ ជួបសំណេះសំណាលជាមួយបុគ្គលិកក្រោមឱវាទ ឬចូលរួមក្នុងកម្មវិធីផ្សេងៗ គេតែងឃើញអ្នកឧកញ៉ា គួច ម៉េងលី បង្ហាញពីស្នាមញញឹមជាប្រចាំ។ ការញញឹមរបស់លោក បានធ្វើឱ្យដៃគូសន្ទនា មានអារម្មណ៍កក់ក្តៅ សប្បាយចិត្ត និងធ្វើឱ្យបុគ្គលិករបស់លោក កាន់តែមានថាមពលបម្រើការងារផងដែរ។
យោងតាមការស្រាវជ្រាវមួយ បានបង្ហាញថា ការញញឹមមានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ជួយឱ្យអារម្មណ៍ស្រស់ស្រាយ ជួយកាត់បន្ថយស្ត្រេស ធ្វើឱ្យយើងក្លាហានជាងមុន ធ្វើឱ្យយើងក្លាយជាមនុស្សគួរឱ្យទុកចិត្ត ជួយខួរក្បាលធ្វើការកាន់តែល្អ ជួយឱ្យអ្នកដទៃមានស្នាមញញឹមដែរ ជួយពង្រឹងកោសិកាក្នុងខ្លួន ជួយបង្កើនផលិតភាពការងារ និងធ្វើឱ្យយើងកាន់តែមានគំនិតឆ្នៃប្រឌិត៕
