ក្នុងបេសកកម្មចូលរួម និងអមដំណើរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិច្ជកម្មកម្ពុជា ចូលរួមវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Business Forum) នៅឯទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ឧកញ៉ា ហេង បូរិន ក្នុងនាមសមាជិកសភាពាណិជ្ជកម្ម និងជាអ្នកជំនួញមួយរូប បានបង្ហាញចំណាប់អារម្មណ៍ថា លោកពិតជាទទួលអារម្មណ៍ថា មានភាពកក់ក្ដៅ និងមោទនភាពជាខ្លាំង។


ឧកញ៉ា ហេង បូរិន ថ្លែងថា៖ “ខ្ញុំពិតជាត្រេកអរ និងមានកិត្តិយស តាមរយៈការដឹកនាំដោយផ្ទាល់របស់អ្នកឧកញ៉ាប្រធាន ចូលរួមវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ ជាពិសេសជាងនេះទៀតនោះ គឺខ្ញុំបានរៀនសូត្រច្រើនពី របៀបធ្វើការងារដ៏រហ័សរហួន មុះមុត និងទំនាក់ទំនងកិច្ចការអន្តរជាតិ របស់អ្នកឧកញ៉ា គិត ម៉េង ជាមួយដៃគូបរទេស ពិតជាគួរឱ្យកោតសរសើរមែនទែន!”។



គួររំឮកថា ចាប់ពីថ្ងៃទី២៤ ខែតុលា មក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងបន្តដឹកនាំសមាជិកសភាពពាណិជ្ជកម្មកម្ពុជា និងមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីស្វែងរកឱកាសធ្វើអាជីវកម្ម និងការវិនិយោគ។
ទន្ទឹមគ្នានោះ បន្ទាប់ពីបានជួបប្រជុំពិភាក្សា ប្រតិភូកម្ពុជា ក៏បានបន្តដំណើរចុះស្វែងយល់ពីសង្វាក់ផលិតកម្មនៅតាមបណ្ដាក្រុមហ៊ុនអារ៉ាប់មួយចំនួនទៀតផងដែរ។


វេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដើម្បីសម្រួចកិច្ចព្រមព្រៀងភាពក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរបន្ថែមទៀត ក្នុងទិសដៅជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងពាណិជ្ជកម្មឌីជីថល ព្រមទាំងនឹងផ្តល់នូវការយល់ដឹងទៅវិញទៅមក អំពីវិស័យសក្តានុពល និងកាលានុវត្តភាពនៅកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមផងដែរ។

ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ ដែលញ៉ាំងឱ្យកម្ពុជាបន្តសិ្ថតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង។ ជាក់ស្ដែងទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អារ៉ាប់រួម ក្នុងរយៈពេលប្រាំបីខែដំបូងនៃ ឆ្នាំ២០២២ បានកើនឡើងដល់ជិត ២៨០លានដុល្លារអាមេរិក កើនឡើងជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជា៕