អ្នកឧកញ៉ា ហូលិក តាន់ឌីហ្សូណូ ជាមហាសេដ្ឋីមួយរូប ដែលកំពុងក្តោមក្តាបមុខជំនួញធំៗជាច្រើននៅក្នុងដៃ។ ក្នុងចំណោមមុខជំនួញជាច្រើននោះ លោកក៏មានសណ្ឋាគារមួយកន្លែងឈ្មោះថា ហូលីដេ ភែលេស សីហនុវីល (Holiday Palace Sihanoukville Hotel) នៅជាប់មាត់សមុទ្រ ខេត្តព្រះសីហនុ ដែលមានតម្លៃសមរម្យបន្ទប់ធម្មតាមួយយប់ត្រឹមតែ ៣៥ដុល្លារប៉ុណ្ណោះ។
សណ្ឋាគារបែបរីស៊តស៊ីវិល័យនេះ មានទីតាំងនៅផ្លូវ ២ធ្នូ ជាប់ឆ្នេរឯករាជ្យ ងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ទៅសម្រាកកម្សាន្ត ឱ្យមានអារម្មណ៍ស្រស់ស្រាយ ធូរស្បើយពីភាពតានតឹងនានា។ ក្នុងសណ្ឋាគារនេះ ក៏មានហាងកាហ្វេ Palais Coffee បើកចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ១០យប់, ក្លិបកម្សាន្ត AQUA BEACH CLUB បើកពីម៉ោង ៤ល្ងាចដល់ម៉ោង ១០យប់ និងភោជនីយដ្ឋាន LOTUS បើកពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ១០យប់ម្ហូប ព្រមទាំងមានម្ហូបបែបចិន អាស៊ី គ្រឿងសមុទ្រ និងឌីមសាំ ផងដែរ។ រីឯតម្លៃបន្ទប់សណ្ឋាគារ គឺមានតម្លៃចាប់ពី ៣៥ដុល្លារ រហូតដល់បន្ទប់ពិសេសបំផុត តម្លៃដល់ ៤២០ដុល្លារក្នុងមួយយប់។
សូមជម្រាបជូនថា ក្រៅពីសណ្ឋាគារ អ្នកឧកញ៉ា ហូលិក តាន់ឌីហ្សូណូ ក៏មានក្រុមហ៊ុនជាច្រើនទៀតដូចជា៖ ក្រុមហ៊ុន អង្គរ ហ្គហ្វ រីហ្សត (ANGKOR GOLF RESORT CO., LTD), ក្រុមហ៊ុន អេកភី ឡាយស្តាយ (HP LIFESTYLE CO., LTD), ក្រុមហ៊ុន លីផូ ផូឡៃថិន ខបផូរ៉េហ្សិន (LIPO POLITAN CORPORATION CO., LTD), ក្រុមហ៊ុន ភេន សេនជូរី ព្រីនធីង (PAN CENTURY PRINTING CO., LTD), ក្រុមហ៊ុន ប៊្លូម អាឃីធេកឈ័រ (BLOOM ARCHITECTURE CO., LTD) និងក្រុមហ៊ុន អាកាសចរណ៍ President Airlines ដែលបើកដំណើរការនៅឆ្នាំ១៩៩៧ និងត្រូវបិទទៅវិញនៅឆ្នាំ២០០៧។
ភាពជោគជ័យក្នុងមុខជំនួញ និងការធ្វើដំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ រាប់សិបម៉ឺនដុល្លារ បានធ្វើឱ្យលោក ហូលិក តាន់ឌីហ្សូណូ ទទួលបានងារជា «ឧកញ៉ា» កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ និងទទួលបានងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០៕