លោក ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរដល់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានចូលរួមអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។

កាលពីថ្ងៃទី៣១ ខែតុលា ម្សិលមិញនេះ ផ្សារមូលបត្រកម្ពុជា ទទួលបានការចុះបញ្ជីលក់មូលបត្របំណុលរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក រថភ្លើងដឹកអ្នកដំណើរ ការជួលឃ្លាំងទំនិញ និងសេវាកម្មពន្ធ-គយ ហើយក៏ជាក្រុមហ៊ុនទីមួយ ដែលចុះបញ្ជីលក់មូលបត្របំណុលក្នុងឆ្នាំ២០២២នេះដែរ។ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់សរុបប្រមាណជា ១០ លានដុល្លារអាមេរិក។ ការជោគជ័យនេះ កើតឡើងទៅបានដោយសារមានការចូលរួមគាំទ្រ ពីសំណាក់ភាគីពាក់ព័ន្ធរួមមាននិយ័តករមូលបត្រកម្ពុជា ក្រុមហ៊ុនធានាទិញមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរឹធី និងក្រុមការងាររបស់ក្រុមហ៊ុនផ្ទាល់។

លោក ហុង សុខហួរ បានថ្លែងថា៖ “ខ្ញុំសូមអរគុណ និងកោតសរសើរ នូវការចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ដែលបានចូលរួមអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាកន្លងមក។ ហើយខ្ញុំក៏សង្ឃឹមផងដែរថា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា អាចនឹងនាំយកនូវក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀត ធ្វើការកៀរគរទុនតាមរយៈទីផ្សារមូលបត្រដោយធ្វើការបោះផ្សាយ និងចុះបញ្ជីជាមូលបត្រកម្មសិទ្ធិ ឬក៏ជាមូលបត្របំណុល”។

សូមជម្រាបជូនថា គិតមកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន១៧ ដែលរួមមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង៨ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។បន្ថែមពីនោះទៀត ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មក៏បានកើនឡើងជាបន្តបន្ទាប់ ដោយសារក្រុមហ៊ុន ទទួលបាននូវប្រភពទុនដែលមានថ្លៃដើមទាប និងជាទុនរយៈពេលវែង ហើយថែមទាំងទទួលបាននូវការលើកទឹកចិត្តពន្ធដារពីរាជរដ្ឋាភិបាល បង្កើនកិត្តិនាមរបស់ខ្លួននៅទីផ្សារជាតិនិងអន្តរជាតិ ទទួលបានការចាប់អារម្មណ៍ពីដៃគូអាជីវកម្មសក្កានុពល និងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន វិនិយោគិន និងសាធារណជនទូទៅទៀតផង។ នេះបើតាមលោក ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា បានបញ្ជាក់៕


