ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ក្រុមហ៊ុនទូរទស្សន៍ CBS និងក្រុមហ៊ុនទូរទស្សន៍ ហង្សមាសគ្រុប ចុះហត្ថលេខាលើ «លក្ខន្តិកៈក្រុមហ៊ុន» របស់ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដើម្បីបង្កើតក្រុមហ៊ុន «ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា» ជាមួយរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ពិធីចុះហត្ថលេខាធ្វើឡើងដំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ដែលមានលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាក្រុមហ៊ុនទូរទស្សន៍បាយ័ន គ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន BTV និងវិទ្យុបាយ័ន, អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប រួមមានប៉ុស្តិ៍ទូរទស្សន៍ CTN, CTN International, CNC, MyTV។ ចំណែកក្រុមហ៊ុន Digital Sky រួមមានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា (១)ថ្នាលទូរទស្សន៍ឌីជីថលប្រព័ន្ធ DVB-T (២)ថ្នាលទូរទស្សន៍ឌីជីថលផ្កាយរណបប្រព័ន្ធ DTH (៣)ថ្នាលទូរទស្សន៍ឌីជីថលតាមទូរស័ព្ទដៃប្រព័ន្ធ OTT, ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាសនិងរស្មីហង្សមាស, ផលិតកម្មWE, Pleng Records, ក្រុមហ៊ុនពិធីការ និងសារព័ត៌មាន២៤ម៉ោង ព្រមទាំងអ្នកវិនិយោគទុនជាតិ-អន្តរជាតិ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

នៅក្នុងឯកសារ «លក្ខន្តិកៈក្រុមហ៊ុន» នេះ សម្រេចចំនួនសមាសភាពក្រុមប្រឹក្សាភិបាល ៧រូប ដែល១រូប តំណាងមកពីរាជរដ្ឋាភិបាល និង៦រូបទៀត តំណាងមកពីក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា។ ហើយលោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិដំបូង។
សូមបញ្ជាក់ថា ក្រុមហ៊ុន «ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា» នឹងផ្ដល់ជូនសេវាកម្មទូរទស្សន៍ឌីជីថល ដែលមានកម្មវិធីច្រើនប៉ុស្តិ៍ និងជម្រើសច្រើនប្រភេទដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ សំដៅលើកស្ទួយការផ្ដល់ ព័ត៌មាន ចំណេះដឹង ការកម្សាន្ត និងទស្សនីភាពដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឈានទៅសម្រេចឲ្យបានតាមអនុសាសន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថានឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ៕




