“ខ្ញុំបានស្គាល់ និងរាប់អានអ្នកនាង សឿ សុធារ៉ា រយៈពេលជិត ២០ឆ្នាំមកហើយ គាត់គឺជាសិល្បការិនីម្នាក់ ដែលគួរឱ្យគោរពស្រលាញ់ណាស់ សង្ឃឹមថាថវិការបស់ខ្ញុំនេះ អាចជួយសម្រួលទុក្ខលំបាករបស់គាត់បានមួយចំណែក”។ នេះជាការលើកឡើងរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត អគ្គនាយកក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអ៊ីស្តេត ឌីវេឡបភើរឯ.ក។


ម្ចាស់បទចម្រៀង អន្ទោងស្នេហ៍ ដែលបច្ចុប្បន្ន មានគោរមងារជា ឧកញ៉ា និងជាអ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ប្រភេទដីឡូតិ៍ និងដីឡូតិ៍ផ្ទះវីឡា High Class នៅក្នុងភូមិសាស្ត្រនៃស្រុកបន្ទាយស្រី ខេត្តសៀមរាប រូបនេះ ថ្លែងទៀតថា៖ “សម្រាប់ខ្ញុំ អ្នកនាង សឿ សុធារ៉ា គាត់ គឺជាតារាមួយរូប ដែលមានលក្ខណៈទន់ភ្លន់ ទាំងសម្ដីសម្ដែង កាយវិការបស់គាត់ចំពោះមហាជន ពិតជាគួរឱ្យគោរពណាស់”។



តាមរយៈវីដេអូរបស់ លោក សាវិន ហ្វីលីព ដែលបានចុះជួប និងសម្ភាសន៍ តារាសម្ដែង សឿ សុធារ៉ា ផ្ទាល់ បាននិយាយរៀបរាប់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង និងគ្រួសារ ជួបការលំបាក ខ្វះខាតខាងជីវភាពខ្លាំងមែនទែន សូម្បីតែលុយសម្រាប់ធ្វើបុណ្យសពជូនម្ដាយ ក៏សឹងគ្មានលទ្ធភាពដែរ។

ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក និង បង្ហាញក្ដីអាណិតចំពោះអ្នកនាងយ៉ាងខ្លាំង ព្រមទាំងបានចូលរួមរំលែកទុក្ខ និងមានសប្បុរជនមួយចំនួនបានចូលបច្ច័យបុណ្យម្ដាប់បង្កើតរបស់អ្នកនាង ជាបន្តបន្ទាប់ ក្នុងនោះក៏មានឧកញ៉ា ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ ដែលឧបត្ថម្ភជូនអ្នកនាង សឿ សុធារ៉ា ចំនួន ២០០០ដុល្លារអាមេរិច៕

