ក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល (CP&A Trading International Co., LTD) ជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវផលិតផលមួយចំនួន ក្នុងនោះរួមមានទាំងស្រាបៀរលីអូ (LEO Beer) របស់ថៃ និងស្រាជីនរ៉ូ (Jinro) របស់កូរ៉េ ផងដែរ ហើយម្ចាស់ក្រុមហ៊ុននេះ គឺលោកឧកញ៉ា ជៀម ផែន។

លោកឧកញ៉ា ជៀម ផែន បានបង្កើតក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ជាផ្លូវការ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ និងមានទីស្នាក់ការកណ្តាលនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដើម្បីឱ្យក្រុមហ៊ុន មានដំណើរការល្អ លោកឧកញ៉ា ជៀម ផែន ក៏មានបងប្អូនរបស់លោក២រូបទៀតគឺ លោក ជៀម ហេង និងលោក ជៀម ស៊្រុន ជាអគ្គនាយកក្រុមហ៊ុនផងដែរ។

ក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ជាក្រុមហ៊ុននាំចូលផ្តាច់មុខស្រាជីនរ៉ូ ស្រាបៀរលីអូ និងផលិតផលថ្នាំដុះធ្មេញ Colgate និងសាប៊ូដុះខ្លួន Protex ជាដើម ហើយក្រុមហ៊ុនមានតំណាងចែកចាយ និងដេប៉ូលក់បន្ត ជាច្រើននៅទូទាំង ២៥រាជធានី ខេត្ត នៃប្រទេសកម្ពុជា។

សម្រាប់ចក្ខុវិស័យរបស់ក្រុមហ៊ុន លោកឧកញ៉ា ជៀម ផែន ចង់ពង្រីកខ្លួនជាមួយនឹងបណ្តាញកាន់តែច្រើន និងបទពិសោធន៍ដ៏រឹងមាំ ក្នុងវិស័យឧស្សាហកម្ម។ លោកប្តេជ្ញា ដឹកនាំក្រុមហ៊ុនមួយនេះ ឱ្យក្លាយជាក្រុមហ៊ុនកម្រិតអន្តរជាតិ ដែលអាចជួយបង្កើនផលប្រយោជន៍ទីផ្សារ និងសុខុមាលភាពសង្គម ខណៈដែលក្រុមហ៊ុននឹងពង្រីកអាជីវកម្ម ទៅលើវិស័យម្ហូបអាហារ ការកម្សាន្ត និងឧស្សាហកម្មបដិសណ្ឋារកិច្ច៕
