សណ្ឋាគារ Great Duke ជាសណ្ឋាគារលំដាប់ផ្កាយ៥ មានទីតាំងនៅមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ សណ្ឋាគារ ដែលនៅជិតផ្សារដើមគរមួយនេះ បច្ចុប្បន្នជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលមានឧកញ៉ា ខូវ សម្បត្តិ ជាអគ្គនាយកក្រុមហ៊ុន។

កាលអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ខ្លាំងនៅចុងឆ្នាំ២០១៩ លោកឧកញ៉ា ខូវ សម្បត្តិ បានផ្តល់ទីតាំងសណ្ឋាគារនេះ ដើម្បីប្រើប្រាស់ជាទីកន្លែងពិនិត្យ ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ-១៩ ផងដែរ។ យ៉ាងណាមិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានចេញលិខិតថ្លែងអំណុរគុណជូនចំពោះលោកឧកញ៉ា ខូវ សម្បត្តិ ដែលបានផ្តល់ទីតាំងសណ្ឋាគារ Great Duke នេះ ជូនក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជួយអ្នកឆ្លងកូវីដ-១៩។

សណ្ឋាគារ Great Duke ពីមុនឈ្មោះថាសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental Hotel) ជាសណ្ឋាគារលំដាប់ឈានមុខគេមួយនៅកម្ពុជា ដែលបើកដំណើរការតាំងពីឆ្នាំ១៩៩៦។ យ៉ាងណាក្តី នៅដើមឆ្នាំ២០១៨ សណ្ឋាគារមួយនេះ បានជួបវិបត្តិហិរញ្ញវត្ថុ ហើយម្ចាស់សណ្ឋាគារចាស់ ក៏បានលក់ទៅឱ្យក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និងបានប្តូរឈ្មោះទៅជា «សណ្ឋាគារ Great Duke» តាំងពីពេលនោះមក។

សូមជម្រាបជូនថា សណ្ឋាគារ Great Duke មាន ៣៤៦បន្ទប់ ដែលមានតម្លៃចាប់ពី ៣៥០ដុល្លារ ដល់ ៤០០០ដុល្លារក្នុងមួយយប់ ទៅតាមបន្ទប់ជាច្រើនជម្រើសសម្បូរបែប។ សណ្ឋាគារមួយនេះ មានទីតាំងស្ថិតនៅកណ្តាលរាជធានី ជាកត្តាអំណោយផលបំផុត ដោយមានចម្ងាយ ៣,៦គ.ម ពីវត្តភ្នំ, ២.៨គ.ម ពីវិមានឯករាជ្យ និងចម្ងាយត្រឹម ៦,៣គ.ម ពីព្រលានយន្តហោះភ្នំពេញអន្តរជាតិ៕
