សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២នេះ បានត្រៀមរៀបចំការដូនាឡិកាចំនួន ២៥គ្រឿងជាវត្ថុអនុស្សាវរីយ៍សម្រាប់ជូនប្រធានគណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅក្រុងភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់លើទំព័រហ្វេសប៊ុកនាពេលថ្មីៗនេះថា កម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ “នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)”។

ទាក់ទងនឹងការផលិតនាឡិកាដៃសម្រាប់កាដូវត្ថុអនុស្សាវរីយ៍នេះ គឺផលិតឡើងដោយក្រុមហ៊ុនខ្មែរមួយមានឈ្មោះថា ព្រីនស៍ ហូលឌីង គ្រុប របស់មហាសេដ្ឋីដើមកំណើតចិន ចេន ហ្ស៊ី ដែលសម្រិតសម្រាំងស្នាដៃយ៉ាងល្អវិចិត្រសម្រាប់មេដឹកនាំកម្ពុជា ទុកសម្រាប់ជូនប្រធានគណៈប្រតិភូអាស៊ាន។ នេះបើតាមប្រភពបង្ហើបប្រាប់សារព័ត៌មានឧកញ៉ាញូស៍។
យ៉ាងណា ចំពោះតម្លៃផលិតនាឡិកាជាក់លាក់នៃការដាក់លក់លើទីផ្សារលោកមិនបានបញ្ជាក់ប្រាប់នៅឡើយ ដោយគ្រាន់តែប្រាប់ថានាឡិកានេះផលិតសម្រាប់ជាកាដូពិសេសជូនដល់ថ្នាក់ដឹកនាំ ឬមហាសេដ្ឋីជាដើម។
សូមជម្រាបជូនថា ក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត គ្រុប ជាបុត្រសម្ព័ន្ធព្រីនស៍ គ្រុប បានសហការជាមួយនឹងក្រុមហ៊ុនផលិតនាឡិការបស់ ស្វ៊ីស វិនិយោគលើគម្រោងមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈលើជំនាញផលិត និងជួលជុល នាឡិកាម៉ាកស្វ៊ីសនៅកម្ពុជា ដើម្បីបំពេញតម្រូវការធនធានមនុស្សក្នុងឧស្សហកម្មនេះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការសហការនេះ បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផលិត និងជួសជុលនាឡិកាស្វីស ដោយបានដាក់ឈ្មោះថា Prince Horology Vocational Training Center ៕









