អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាពគ្រុប និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យល់ឃើញថា ការទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ នាសប្តាហ៍ក្រោយនេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅស្រុកកណ្តាលស្ទឹង ប្រមាណ ២,៣២២នាក់ នាព្រឹកថ្ងៃអាទិត្យកន្លងទៅ។ អ្នកឧកញ៉ា បានលើកឡើងថា នៅសប្តាហ៍ក្រោយនេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងមានការអញ្ជើញចូលរួមពីមេដឹកនាំល្បីៗលើពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិកផងដែរ។ នេះជាកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈនយោបាយការបរទេសដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន។
ជាទស្សនៈរបស់អ្នកឧកញ៉ា ការទទួលបានឱកាសរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ ជាជោគជ័យនៃនយោបាយការបរទេសរបស់កម្ពុជា ហើយក៏នាំមកនូវកិត្តិយសសម្រាប់ជាតិ និងប្រជាជនកម្ពុជាផងដែរ។ អ្នកឧកញ៉ា បានគូសរំលេចថា កម្ពុជាពីអតីតកាលធ្លាប់តែយាយីដោយសង្គ្រាម ជាប្រទេសអន់ថយ តែបច្ចុប្បន្នកម្ពុជាមានតួនាទីកាន់តែសំខាន់ ហើយបានរួមចំណែកដោះស្រាយបញ្ហារបស់ពិភពលោកទៀតផង។
សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សុខា ភ្នំពេញ៕