អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ប្រធានប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានដឹកដៃកូនប្រុសស្រីចូលរួមបើកការដ្ឋានសាងសង់គម្រោងការិយាល័យកណ្តាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងរាជធានីភ្នំពេញ នាថ្ងៃព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ។

គម្រោងការិយាល័យកណ្តាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបនេះមានកម្ពស់អគារ ២៣០ម៉ែត្រ ស្មើនឹង ៤៨ជាន់ ដែលមានទំហំដី ៥.៣៤៧ម៉ែត្រការ៉េ ជាមួយនឹងទឹកប្រាក់ប្រមាណ ៤៥៦លានដុល្លារ គ្រោងនឹងបញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៧។

សូមជម្រាបថា រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្រ ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្ម ដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុនមេ ដែលម្ចាស់ជាអ្នកឧកញ៉ា គិត ម៉េង មួយនេះ ផ្តោតភាគច្រើនទៅលើវិស័យឧស្សាហកម្មជាច្រើន ដូចជា ទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយនិងការកម្សាន្ត ធនាគារនិងហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារនិងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍន៍អចលនទ្រព្យ ការជួញដូរ និងកសិកម្ម។
គិតមកដល់ឆ្នាំ២០២២នេះ ក្រុមហ៊ុនមេ រ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធល្បីៗប្រមាណជាង ៣០ក្រុមហ៊ុន៕



