ទឹកបរិសុទ្ធ វីតាល់ ជាម៉ាកល្បីឈ្មោះមួយក្នុងចំណោមក្រុមហ៊ុនផលិតទឹកបរិសុទ្ធឈានមុខគេនៅស្រុកខ្មែរ ដែលគ្រប់គ្រងដោយអ្នកឧកញ៉ា ជឹង សុគន្ធាវី ជាអគ្គនាយិកាក្រុមហ៊ុន ត្រូវបានជ្រើសរើសជាទឹកពិសាផ្លូវការ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ឈរជើងក្នុងទីផ្សារកម្ពុជាជាងមួយទស្សវត្សរ៍ វីតាល បានសាងភាពល្បីល្បាញ និងបង្កើតនូវស្តង់ដារមួយដែលមានការទទួលស្គាល់ពីសហគមន៍ជាតិ និងអន្តរជាតិ។ រហូតមកដល់សព្វថ្ងៃនេះ វីតាល់នៅតែជាផលិតផលនាំមុខគេនៅលើទីផ្សារ ដែលផ្តល់ជូនទឹកពិសាដល់ប្រជាជនរាប់លាននាក់ជារៀងរាល់ថ្ងៃ។ អ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ នេះ ត្រូវបានគេស្គាល់ថា ជាកូនស្រីបង្កើតរបស់អ្នកឧកញ៉ា ឡៅ ម៉េងឃីន និងអ្នកឧកញ៉ា ជឹង សុភាព ហៅ «យាយភូ»។

សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សុខា ភ្នំពេញ, រាជធានីភ្នំពេញ ខណៈដែលថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមួយចំនួន នឹងអញ្ជើញធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ជាបណ្តើៗចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ស្អែកនេះតទៅ៕
