ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាទៅរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ឲ្យចាត់តាំងមន្រ្តីប្រចាំការ២៤ម៉ោង ដែលមានសមត្ថភាព
រងចាំទទួលទូរស័ព្ទពលរដ្ឋ ហៅតាមលេខ ១១៥ និងត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលា។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០។
ក្រោយពីទទួលបានសារអំពីភាពមិនប្រក្រតីរបស់មន្រ្តីប្រចាំការសុខាភិបាល
ពាក់ព័ន្ធនឹងការហៅរបស់ប្រជាពលរដ្ឋ តាមរយៈលេខទួរស័ព្ទ ១១៥ ដែលក្រសួងសុខាភិបាលបានដាក់ឲ្យពលរដ្ឋទូរស័ព្ទពេលដែលមានហេតុការណ៍អ្វីបន្ទាន់កើតឡើង សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ធ្វើការត្រួតពិនិត្យមន្រ្តីរបស់ខ្លួន និងចាត់តាំងមន្រ្តីដែលពេញសមត្ថភាព ដើម្បីធ្វើការលើរឿងនេះ។
សម្តេចលើកឡើងដូច្នេះថា« ខ្ញុំស្នើឲ្យឯកឧត្តម ម៉ម ប៊ុនហេង ចាត់មនុស្សដែលមានសមត្ថភាព ក្នុងការប្រចាំការលេខទូរស័ព្ទ១១៥... ខ្ញុំឃើញគេបង្ហោះតាមហ្វេសប៊ុកមួយ ប៉ុន្តែមិនដឹងថាពិតប៉ុណ្ណា ហៅទៅមួយ មួយថាត្រូវទាក់ទងទៅកន្លែងនោះ ដល់ទាក់ទាក់ទងទៅកន្លែងនោះ កន្លែងនោះឲ្យទាក់ទងទៅកន្លែងនោះ បើឆ្លើយដាក់គ្នាតែចឹង អ្នកជំងឺពឹងអី? ចឹងទេ ត្រូវពង្រឹងសមត្ថភាពបន្ទាន់លើអ្នកប្រចាំការ»។
សម្តេច បានបន្ថែមថា នៅពេលដែលប្រជាពលរដ្ឋទាក់ទងប្រាប់ពីដំណឹងអំពីបញ្ហាផ្សេងៗ មន្រ្តីទទួលបានបន្ទុកត្រូវតែលើកទូរស័ព្ទ និងទាក់ទងទៅកន្លែងកើតហេតុការណ៍ដោយផ្ទាល់ មិនត្រូវឲ្យពលរដ្ឋទាក់ទៅវិញទៅមកនោះទេ។
ជាមួយគ្នានេះ សម្តេចបន្តអំពាវនាវឲ្យប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ និងភ័យខ្លាចមេរោគកូវីដ១៩ ខ្លាំងពេក ខណៈកម្ពុជា ទើបតែមានឆ្លងមកពលរដ្ឋខ្មែរមួយករណីប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តីស្នើឲ្យពលរដ្ឋជឿជាក់លើវិស័យសុខាភិបាលកម្ពុជាផងដែរ៕