ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំនេះ ត្រូវបានដាក់ចេញដោយអនុលោមទៅតាមមូលបទរបស់រាជរដ្ឋាភិបាលគឺ « អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍ កំពុងតែស្ថិតក្នុងពេលវេលាដ៏ប្រឈម។ ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ ការកើនឡើងនៃអតិផរណា ការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកម្រិតខុសៗគ្នានៃការបើកឡើងវិញនៃសេដ្ឋកិច្ច បង្កជាការលំបាកសម្រាប់ឆ្នាំ២០២២។
យ៉ាងណា អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ដោយសារតែសេដ្ឋកិច្ច កំពុងតែព្យាយាមជម្នះត្រឡប់មកសភាពដើមវិញ គឺជាការចាំបាច់ដែលត្រូវសហការគ្នា មិនត្រឹមតែរួមគ្នាដោះស្រាយបញ្ហាប្រឈមប៉ុណ្ណោះទេ គឺថែមទាំងរួមគ្នារៀបចំអនាគតផងដែរ ដែលមានលក្ខណៈឌីជីថល និងមិនប៉ះពាល់ដល់អាកាសធាតុ។
ផ្អែកលើគោលការណ៍នេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងរំលេចថា ដើម្បីឲ្យយល់កាន់តែច្បាស់អំពីរឿងដែលកំពុងកើតឡើងនៅអាស៊ាន និងបញ្ហាគន្លឹះដែលត្រូវស្វែងយល់សម្រាប់ផែនការឆ្នាំ ២០២៣។ យើងនឹងមានកិច្ចពិភាក្សាចំនួនបួន ដែលចូលរួមដោយ អ្នកជំនាញមកពីប្រទេសអាស៊ាន និងដៃគូសន្ទនាអាស៊ាន ដែលនឹងពិភាក្សាអំពី៖ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការវិនិយោគនៅអាស៊ាន ការត្រៀមសម្រាប់ឌីជីថលអាស៊ាន អាស៊ានដែលបៃតងជាងមុន និងប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបង្ហាញក្តីសង្ឃឹមថា កិច្ចពិភាក្សានេះ នឹងផ្តល់នូវចំណេះដឹង ព័ត៌មានស៊ីជម្រៅ និងការយល់ដឹងកាន់តែច្បាស់សម្រាប់ត្រៀមលក្ខណៈអាជីវកម្មសម្រាប់ឆ្នាំ២០២៣ និង រួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា៕