សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្ហាញជំហរ គាំទ្រនូវ សេចក្តីអំពាវនាវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនចំ ពោះម្ចាស់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលសុំបន្ធូរបន្ថយថ្លៃលក់ផ្ទះជូនកម្មករ ខណៈការរីករាលដាលនៃមេរោគ COVID-19 មកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសបង្កឱ្យកម្មករ និងនិយោជិតមួយចំនួនបានបាត់បង់ចំណូល ហើយនាំឱ្យមានការប៉ះពាល់ដល់ការបង់ថ្លៃទិញលំនៅឋាន។
ពាក់ព័ន្ធនឹងករណីនេះ លោកឧកញ៉ា លី ហួរ ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចេញសារលិខិតគាំទ្រនូវសេចក្តីអំពាវនាវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានដាក់វិធានការ៣ចំណុចរួមមាន៖
១-លើកទឹកចិត្តអតិថិជនទូទៅទាំងអស់ ដោយបញ្ចុះតម្លៃលំនៅឋានពិសេសជូនរហូតដល់ ៧% ទៅតាមគម្រោងនីមួយៗ របស់ក្រុមហ៊ុន ដែលជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
២-លើកទឹកចិត្តដល់អតិថិជនទូទៅ ដែលទិញផ្ទះ ចាប់ពីខែមីនា ឆ្នាំ២០២០ នេះតទៅ ដោយធ្វើការបង់ផ្តាច់ទាំងស្រុង ជាមួយក្រុមហ៊ុន ដែលជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា យើងខ្ញុំអាចនឹងបញ្ចុះតម្លៃលំនៅឋានពិសេសជូនរហូតដល់ ៧% បន្ថែមទៀតតាមគម្រោងនីមួយៗ។
ទី៣-ក្រុមហ៊ុនជាសមាជិកសមាគមនឹងផ្តល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌនៃការបង់ប្រាក់ចំពោះការទិញលំនៅឋានរបស់កម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់បាត់បង់ចំណូលនៅក្នុងរយៈពេលនៃវិបត្តិនេះ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជារូបនេះ ក៏បានបញ្ជាក់ថា ក្នុងករណីចាំបាច់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាយើងខ្ញុំ នឹងដាក់ចេញនូវវិធានការបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០កន្លទទៅ បានចេញសេចក្ដីអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងឡាយ នូវសំណើមួយចំនួនពាក់ព័ន្ធនឹងការបន្ធូរបន្ថយថ្លៃ ឬបញ្ចុះថ្លៃសមស្របណាមួយសម្រាប់ការលក់លំនៅឋានជូនកម្មករ និយោជិត ដែលរងផលប៉ះពាល់ដោយសារការព្យួរការងារ។
ក្នុងនោះសំណើរបស់ក្រសួងសេដ្ឋកិច្ចចំពោះម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងនោះ រួមមាន៖១៖ ផ្ដល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌនៃការបង់ប្រាក់ចំពោះការទិញលំនៅឋានរបស់កម្មករ និយោជិតណា ដែលទទួលរងផលប៉ះពាល់ដូចបានគូសបញ្ជាក់ខាងលើ។ ២៖ បញ្ចុះថ្លៃផ្ទះក្នុងកម្រិតសមស្របណាមួយ ខណៈដែលរាជរដ្ឋាភិបាលលបានសម្រេចផ្ដល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង ៧០,០០០ដុល្លារ ក្នុងរយៈពេល១ឆ្នាំ។
អំឡុងពេលកម្មករ កម្មការិនី ប្រឈមនឹងការផ្អាកការងារបណ្ដោះអាសន្ននេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន ស្ថាប័នមីក្រូហិរញ្ញវត្ថុ គួរលើកលែងការប្រាក់សម្រាប់កម្មករដែលព្យួរការងារ។ បើតាមលោក ហ៊ុន សែន កម្មករមិនដល់២ម៉ឺននាក់ទេ ដែលរងផលប៉ះពាល់ពីកម្ចីហិរញ្ញវត្ថុ។ ក្រៅពីធនាគារម្ចាស់បុរី ដែលកម្មករបង់រំលោះផ្ទះក៏ត្រូវពន្យាការបង់ការប្រាក់ដែរ៕ អត្ថបទ៖ សិរីការ