ទឹកបរិសុទ្ធ វីតាល់ ជាម៉ាកល្បីឈ្មោះមួយក្នុងចំណោមក្រុមហ៊ុន ផលិតទឹកបរិសុទ្ធឈានមុខគេ នៅស្រុក ខ្មែរ ដែល គ្រប់គ្រង ដោយ អ្នកឧកញ៉ា ជឹង សុគន្ធាវី ជា អគ្គនាយិកា ក្រុមហ៊ុន ត្រូវបានជ្រើសរើសជាទឹកពិសា ផ្លូវការ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅភ្នំពេញ។

ឈរជើងក្នុងទីផ្សារកម្ពុជាជាងមួយទស្សវត្សរ៍ វីតាល បានសាងភាពល្បីល្បាញ និងបង្កើត នូវ ស្តង់ ដារ មួយ ដែល មានការ ទទួលស្គាល់ ពី សហគមន៍ ជាតិ និង អន្តរជាតិ ។ រហូតមកដល់ សព្វថ្ងៃនេះ វីតាល់នៅតែជាផលិតផលនាំមុខគេនៅលើទីផ្សារដែលផ្តល់ជូនទឹកពិសាដល់ប្រជាជនរាប់លាននាក់ ជារៀងរាល់ថ្ងៃ ។ អ្នកឧកញ៉ា ជឹង សុគន្ធាវី ដែល ជា ថ្នាក់ដឹកនាំ ក្រុមហ៊ុន ផលិត ទឹកបរិសុទ្ធ វីតាល់ នេះ ត្រូវ បាន គេ ស្គាល់ ថា ជា កូន ស្រី បង្កើត របស់ អ្នកឧកញ៉ា ឡៅ ម៉េងឃីន និង អ្នកឧកញ៉ា ជឹង សុភាព ហៅ «យាយភូ»។

សូមជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅ សណ្ឋាគារ លំដាប់ ផ្កាយ៥ សុខា ភ្នំពេញ, រាជធានីភ្នំពេញ៕



