ទី១២ វិច្ឆិកា ថ្ងៃនេះ ២៤ឆ្នាំ មុន ឧកញ៉ា សួរ វីរៈ ស្ថាបនិកនៃក្រុមហ៊ុន វីរៈប៊ុនថាំ រំឮកឱ្យដឹងថា ជាពេលវេលាដែលធ្វើឱ្យរូបលោក ទទួលបាននូវបទពិសោធន៍ស្ទើររាប់មិនអស់ ក្នុងដំណើរជីវិត ធ្លាប់ជាយុវជនពនេចរវេចបង្វិចខោអាវ ជាមួយលុយក្នុងហោប៉ៅត្រឹម ២ម៉ឺនរៀល ចាកចេញពីស្រុកកំណើត តែម្នាក់ឯង។


នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ឧកញ៉ា សួរ វីរៈ ថ្លែងថា៖ “ថ្ងៃទី12/11/1998 ថ្ងៃដំបូងដែលមកដល់ទឹកដីកោះកុងជាមួយនិងថវិកា 20,000រៀល”។


អតីតកូនអ្នកខេត្តកំពង់ធំរូបនេះ បន្ថែមទៀតថា បើគិតមកដល់ថ្ងៃទី12/11/2022 នេះ ក្រោយឆ្លងកាត់ឧបសគ្គ និងបទពិសោធន៏ស្ទើររាប់មិនអស់ បានផ្លាស់ប្តូរដំណើរជីវិតប្រកបដោយមោទនភាព ហើយទទួលបានលើសការរំពឹង។ ក្នុងសំណេរដដែលរបស់ខ្លួន ឧកញ៉ា សួរ វីរៈ ក៏បានលើកឡើងយ៉ាងដូច្នេះថា៖ “ទោះបីជា ដើរមកដល់សព្វថ្ងៃក៏ដោយ តែអ្វីដែលមិនបានប្តូររ គឺខ្ញុំនៅតែជាខ្ញុំ មិនប្តូរឆន្ទ: មិនក្បត់ឧត្តមគតិ មិនទទួលយកការប្រមាថ ដើម្បីលុយ និងអំណាចឡើយ!”។
តាមរយៈនៃបទសម្ភាសន៍ផ្ទាល់ជាមួយ ឧកញ៉ាញូញ៍ នាពេលកន្លងមក ឧកញ៉ា សួរ វីរៈ បានប្រាប់ថា ការងារដំបូង ដែលលោកចាប់ផ្ដើមក្រោយពេលចាកចេញពីស្រុកកំណើត ពេលទៅដល់ខេត្តកោះកុងដំបូង គឺលោកបានជួយលក់ផ្លែឈើ ជាមួយម្ដាយនៅផ្សារខេត្តកោះកុង ។

ក្រោយមក ដោយសារមើលឃើញឱកាស ខេត្តកោះកុងចាប់ផ្ដើមមានភ្ញៀវបរទេស ចូលទៅកម្សាន្តច្រើន គួបផ្សំនឹងឧកញ៉ា សួរ វីរៈ ពេលនោះចេះភាសាអង់គ្លេសបន្តិចបន្ទួចផង លោកក៏សម្រេចចិត្តធ្វើ ជាអ្នកនាំភ្ញៀវដើរលេងកម្សាន្ដ តាមរមណីដ្ឋាននានា នៅខេត្តកោះកុងនាពេលនោះតែម្ដង។
ប្រហែលជា ១ឆ្នាំក្រោយមក ខេត្តកោះកុងចាប់ផ្ដើមមានភ្ញៀវបរទេស ចូលមកលេង ហើយពេលនោះលោក សួរ វីរៈ ចេះភាសាអង់គ្លេសផង និងដោយសារមានការជំរុញពីបងប្រុស ជាអ្នកដឹកភ្ញៀវទេសចរផង លោកក៏សម្រេចចិត្តធ្វើ ជាអ្នកនាំភ្ញៀវដើរលេងកម្សាន្ដ នាពេលនោះតែម្ដង។


បច្ចុប្បន្ន ឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើរអ៊ីវ៉ាន់ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនក្នុងវិស័យដឹកជញ្ជូនដំបូងគេ ដែលបានដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើបចុងក្រោយបង្អស់ ក្នុងការសម្រួលដល់អតិថិជនរបស់ខ្លួនឱ្យកាន់តែងាយស្រួល៕
ដើម្បីឱ្យជ្រាបកាន់តែច្បាស់ពីដំណើរជីវិតផ្សងព្រេងតាំងពីជាង ២០មុន របស់ឧកញ៉ា សួរ វីរៈ សូមទស្សនាវីដេអូសម្ភាសន៍ទាំងស្រុង ដោយក្រុមការងារ ឧកញ៉ាញូញ៍ ជាមួយឧកញ៉ា សួរ វីរៈ ក្នុងវិធី “សេដ្ឋី និងជំនួញ” ដូចខាងក្រោម៖