អ្នកឧកញ៉ា គិត ម៉េង នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងបានអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅលើទឹកដីកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី។
ការដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានាពេលនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដើម្បីអញ្ជើញអមដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូល G20 ដែលប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។
ក្រៅពីចូលរួមកិច្ចប្រជុំកំពូល G20នេះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងចូលរួម “កិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ជាមួយភ្ញៀវ” នៅថ្ងៃទី១៨ ខែវិច្ឆិកា នៅរាជធានីបាងកក ប្រទេសថៃ ថែមទៀត។
ពាក់ព័ន្ធនឹងកិច្ចបប្រជុំនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកសម្តេចនាថ្ងៃនេះដែរថា ៖«នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី» ។
សម្តេចតេជោ បញ្ជាក់ទៀតថា៖ «តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំG20 ខ្ញុំនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត Covid-19។ ក្នុងកំឡុងពេលស្នាក់នៅឥណ្ឌូនេស៉ី ខ្ញុំនឹងជួបជាមួយបណ្ដារមេដឹកនាំមួយចំនួននៅទីនោះផងដែរ»។
សូមបញ្ជាក់ដែរថា កិច្ចប្រជុំកំពូល G20 នៅកោះបាលី ដែលនឹងចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកានេះ គឺនឹងប្រព្រឹត្តទៅក្រោមមូលបទ«ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ »៕