កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រគល់ភេសជ្ជៈចំនួន ៧៨០០កេស ដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភដល់កងកម្លាំង និងមន្ត្រីរាជការស៊ីវិលគ្រប់ប្រភេទ ដែលបានចូលរួមបំពេញបេសកកម្មការពារសន្តិសុខ និងសណ្តាប់ធ្លាប់សាធារណៈ បានយ៉ាងល្អ ក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន ថ្មីៗកន្លងទៅ។
កម្មវិធីប្រគល់ទទួលនៅសាលារាជធានីភ្នំពេញ ធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា លាង ឃុន តំណាងក្រុមហ៊ុន ជីប ម៉ុង គ្រុប។ លោក ឃួង ស្រេង បានថ្លែងអំណរគុណ និងបានលើកឡើងថា នេះជាការលើកទឹកចិត្តមួយ សម្រាប់កងកម្លាំង និងមន្ត្រីរាជការស៊ីវិលរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នេះ គឺទទួលបានជោគជ័យដ៏ធំធេងសម្រាប់កម្ពុជា ជាពិសេសកងកម្លាំងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមបេសកកម្មជួយការពារសន្តិសុខ សុវត្ថិភាព ជូនដល់ប្រធានាធិបតី ប្រមុខរដ្ឋ ថ្នាក់ដឹកនាំប្រទេសនានា បានយ៉ាងល្អបំផុតផងដែរ៕