ឧកញ៉ា គីម ហ៊ាង៖ ដើម្បីក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវ​​​មាន​ចំណេះដឹង ៤​យ៉ាង

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បាន​លើក​ឡើង​​ថា នៅកម្ពុជា អ្នកអភិវឌ្ឍន៍​អចលន​ទ្រព្យ​មាន អ្នកអភិវឌ្ឍន៍ដីឡូត៍ អ្នកអភិវឌ្ឍន៍បុរី អ្នកអភិវឌ្ឍន៍ខុនដូ អ្នកអភិវឌ្ឍន៍ផ្សារ អ្នកអភិវឌ្ឍន៍រោងចក្រ អ្នកអភិវឌ្ឍន៍ឃ្លាំង -ល-។ ចុះបើចង់អភិវឌ្ឍន៍ដីឡូត៍ អភិវឌ្ឍន៍បុរី ឬ​អភិវឌ្ឍន៍​គម្រោង​អ្វី​មួយ តើត្រូវចេះអ្វីខ្លះ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ចំណេះដឹងផ្នែកសេដ្ឋកិច្ច

មនុស្សដែលមិនចេះសេដ្ឋកិច្ច អាចមានបានដោយសារតែឱកាស គឺមានតែមួយរយៈប៉ុណ្ណោះ ប៉ុន្តែឡើង​លឿនប៉ុណ្ណា ដួលលឿនប៉ុណ្ណឹង។ ពាក្យ​ថា ត្រូវមានចំណេះដឹងផ្នែកសេដ្ឋកិច្ច គឺ​យើង​ត្រូវ​យល់​ពី​បរិបទ​សេដ្ឋកិច្ច​នៃ​ប្រទេស​យើង សេដ្ឋកិច្ចរបស់អាស៊ាន និង​សេដ្ឋកិច្ច​របស់​ពិភពលោក។ នៅពេលយើង​រកស៊ី មាន​ចំណេះ​ដឹង​សេដ្ឋកិច្ច​ហើយ មាន​ន័យ​ថា យើង​រៀបចំ​បាន​ត្រឹម​ត្រូវ ព្រោះ​យើង​​​យល់​ពី​ចរន្ត​នៃ​ប្រាក់ និង​តម្រូវ​ការ​នៃ​ការ​ទិញ ហើយ​នឹង​ការ​គិតគូ​របស់​អ្នក​ផលិត។

បើ​យើង​មិន​ចេះ​ពី​សេដ្ឋកិច្ច​ទេ គឺ​យើង​ធ្វើ​ទាំង​ងងឹតងងុល ធ្វើ​ទាំង​គ្មាន​ចំណេះ​ដឹង កុំ​ថា​ឡើយ​យើង​មិន​មាន​លុយ ទោះបី​យើង​មាន​លុយ​ប៉ុន​ភ្នំ​ ក៏​យើង​រលាយ​ដែរ។

២. ចំណេះ​ដឹង​ផ្នែក​នយោបាយ

អ្នកខ្លះ​ថា យើង​រកស៊ីសោះ ចាំបាច់​​យល់​ដឹង​ពី​នយោបាយ។ បើសិន​ជា​ពាណិជ្ជករ​ទាំង​ឡាយ​ណា មិនមាន​ចំណេះ​ដឹង​នយោបាយ​ទេ នោះ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់ ព្រោះ​អី​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក គឺ​នយោបាយ​ដឹក​នាំ​សេដ្ឋកិច្ច ជាពិសេស​នៅ​អាស៊ាន និង​ទ្វីប​អាស៊ី​យើង។ យើង​ត្រូវ​ដឹង​ថា និន្នាការ​នយោបាយ​ដើរ​ដល់​ណា​ហើយ ថ្ងៃក្រោយ​មាន​ការ​ផ្លាស់ប្តូរ​ដូចម្តេច ឥឡូវ​ស្ថានភាព​បែបណា គឺ​យើង​ត្រូវ​ចេះ​បត់បែន​ទៅ​តាម​ស្ថានភាព​នយោបាយ។

ពាណិជ្ជករ​ទាំង​អស់ ត្រូវ​ដើរ​តាម​និន្នាការ​របស់​នយោបាយ មាន​ន័យ​ថា ទឹកហូរ​ទៅ​ណា​យើង​ហូរ​តាម​ហ្នឹង ព្រោះ​អ្នកសេដ្ឋកិច្ច និង​អ្នក​រកស៊ី គឺ​ដើរ​តាម​អ្នក​នយោបាយ ​មាន​ន័យ​ថា ថ្នាក់ដឹកនាំ​ប្រទេស​គឺ​ជា​មេ​របស់​យើង។ នៅ​ពេល​យើង​ដើរ​តាម​ផ្លូវ​នយោបាយ​ដ៏​ត្រឹម​ត្រូវ នោះ​យើង​នឹង​មាន​សុវត្ថិភាព ការ​រកស៊ី​ក៏​ជោគជ័យ។ ប៉ុន្តែ​បើ​អ្នករកស៊ី​ផ្នែក​អចលនទ្រព្យ មិនចេះ​នយោបាយ នោះ​ជា​រឿង​គ្រោះ​ថ្នាក់ ហើយ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​បរាជ័យ​ឆាប់។

៣. ចំណេះ​ដឹង​ផ្នែក​ប្រជាសាស្ត្រ

ពាណិជ្ជករ​ខ្លះ រកស៊ី​មិន​យល់​ពី​កត្តា​ប្រជាសាស្ត្រ​នោះ​ទេ។ កត្តាប្រជាសាស្ត្រ គឺ​និយាយ​ពី​ប្រជាជន ឧទាហរណ៍​ថា​ គាត់​ចង់​ធ្វើ​គម្រោង​នៅ​កន្លែង​មួយ​ណា ដូច្នេះ​ត្រូវ​យល់​ពី​កត្តា​ប្រជាសាស្ត្រ​នៅ​តំបន់​នោះ។ ហេតុអ្វី បាន​ជា​យើង​មិន​ទៅ​ធ្វើ​ខុនដូ​នៅ​តាម​ខេត្ត បែរ​ជា​នាំ​គ្នា​ធ្វើ​នៅ​តែ​ភ្នំពេញ? នេះ​គឺវា​ទាក់ទង​នឹង​កត្តា​ប្រជាសាស្ត្រ មានន័យ​ថា ដោយសារ​នៅ​ខេត្ត​​មិន​សូវ​មាន​ប្រជាជន​ច្រើន។ ​យើង​ចង់​ធ្វើ​គម្រោងមួយ​ណា ​​ត្រូវ​យល់​ពី​កត្តា​ប្រជាសាស្ត្រ​នៅ​តំបន់​នោះ។ គេ​ធ្វើ​ខុនដូ គឺ​គេ​ធ្វើ​នៅ​កណ្តាល​ក្រុង ដោយសារ​ខុនដូ​សង់​លើ​អគារ​ច្រើន​ជាន់ ដូច្នេះ​អ្នក​ដែល​ទិញ​គឺ​កន្លែង​ណា​ដែល​មនុស្ស​នៅ​ចង្អៀត មិន​សូវ​មាន​ដី​ទំនេរ។ បើ​យើង​ធ្វើ​ដីឡូត៍ យើង​មិន​អាច​ពុះ​ដីឡូត៍​នៅ​ខណ្ឌ​ចំការមន ឬ​ខណ្ឌ​៧​មករា​​នោះ​ទេ ព្រោះ​ធ្វើ​ដីឡូត៍​នៅ​កណ្តាល​ក្រុង​ ដី​ថ្លៃ ហើយ​មនុស្ស​ចង្អៀត​ខ្លាំង។ ដូច្នេះ​បើ​យើង​អភិវឌ្ឍ​ដី​ឡូត៍ គឺ​អាច​ធ្វើ​បាន​នៅ​កន្លែង​ណា​ ដែល​ដី​ទំនេរ​ច្រើន ឬ​ជាយៗ​ក្រុង។

៤. ចំណេះដឹង​ផ្នែក​ភូមិសាស្ត្រ

កត្តាភូមិសាស្ត្រ គឺ​មាន​ន័យ​ថា​តំបន់​យើង​អភិវឌ្ឍន៍​ជា​តំបន់​បែបណា។ ឧទាហរណ៍ រាជធានីភ្នំពេញ​ដូច​គ្នា ប៉ុន្តែ​ការអភិវឌ្ឍ​ផ្នែក​ខាង​ត្បូង ខាង​ជើង ខាង​កើត​ ខាង​លិច ​គឺ​មិន​ដូច​គ្នា​ទេ។ ខាង​កើត​របស់​រាជធានីភ្នំពេញ ជា​កន្លែង​លំនៅឋាន និង​លំហែរ​កម្សាន្ត, ខាងលិច​រាជធានីភ្នំពេញ គឺជា​កន្លែង​តំបន់​ឧស្សាហកម្ម, ខាង​ជើង​រាជធានីភ្នំពេញ គឺជា​តំបន់​លំនៅឋាន​លំដាប់​អភិជន​​ជំនាន់​ថ្មី, ខាងត្បូង​រាជធានីភ្នំពេញ ជា​តំបន់​អភិវឌ្ឍន៍​ដោយ​កំពុង​មាន​ព្រលានយន្តហោះ​ថ្មី។ បើ​យើង​ជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ យើង​ត្រូវ​យល់​ពី​កត្តា​ភូមិសាស្ត្រ​បែប​ហ្នឹង បើ​យើង​ចង់​ធ្វើ​អ្វី សួរ​សិន​ថា តើ​តំបន់​ហ្នឹង​អាច​ធ្វើ​អ្វី​បាន? ឧទាហរណ៍ថា ​​ខាង​លិច​រាជធានីភ្នំពេញ ជា​កន្លែង​តំបន់​ឧស្សាហកម្ម​ មាន​ន័យ​ថា តំបន់​រោងចក្រ​ច្រើន មាន​មនុស្ស​ច្រើន ប៉ុន្តែ​ប្រជាជន​មិនមែន​ជា​អ្នកមាន​ច្រើន​ទេ ដូច្នេះ​​បើ​​​យើង​សង់​ខុនដូ ​​នោះ​នឹង​បរាជ័យ មិន​ដើរ​នោះ​ទេ ដោយសារ​អ្នក​នៅ​តំបន់​នោះ មិនមាន​លុយ​ទិញ។

លោកឧកញ៉ា បានបន្ថែមថា រាជធានីភ្នំពេញ មាន​១២ខណ្ឌ មាន​ប្រជាជន​ ៣​លាន​នាក់ ​ដូច្នេះ​យើង​ត្រូវ​យល់​ថា តើ​ខណ្ឌ​នីមួយៗ​មានអ្វី​ខ្លះ? ខណ្ឌ​ណា​​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាង​គេ? ហើយ​អ្នក​ដែល​នៅ ជា​ម្ចាស់​ផ្ទះ ជា​អ្នក​ជួល​នៅ ជាអ្នកមាន ឬ​ជា​អ្នកក្រ ត្រូវ​តែ​យល់​ពី​ចំណុច​ទាំង​នេះ។ បើ​សិន​ជា​យល់​ពី​កត្តា​ទាំង​​៤​ខាង​លើ​នេះ​​ហើយ ទោះ​​មិន​ប្រាកដ​ថា​ការ​អភិវឌ្ឍន៍​ទៅ​បាន​ជោគជ័យ ប៉ុន្តែ​​វា​​ក៏​អាច​ជួយ​បាន​ច្រើន ព្រោះ​ជា​ចំណេះ​ដឹង​រួម សម្រាប់​អ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​ត្រូវ​​យល់ដឹង។

​បុរី វិមានសំណាង របស់​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់​លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយ​ថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួន​ច្បារ កន្លែងហាត់​ប្រាណ កន្លែងលេង​កីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដី​សរុប ដែលសាក​សម​បំផុត សម្រាប់​គ្រួសារ​អភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕