កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពអ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយបង្ហាញភាពស្និទស្នាលជាមួយនារីម្នាក់ នៅក្នុងក្លឹបកម្សាន្តមួយកន្លែង។ រូបភាពទាំងនោះ បានធ្វើឱ្យសាធារណៈជនជាច្រើនមានការយល់ច្រឡំ ទោះយ៉ាងណា នៅថ្ងៃនេះអ្នកឧកញ៉ា បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា លោកមានកម្មវិធីលក្ខណៈគ្រួសារនៅទីនោះ ហើយនារីម្នាក់នោះ ក៏បានសុំថតរូបជាមួយលោក ដើម្បីទុកជាអនុស្សាវរីយ៍តែប៉ុណ្ណោះ។

អ្នកឧកញ៉ា បានបង្ហោះសារលើបណ្តាញសង្គម នៅរសៀលថ្ងៃសុក្រនេះ យ៉ាងដូច្នេះថា៖ “ជូនចំពោះប្រិយមិត្ត និងអ្នកគាំទ្រទាំងអស់ ខ្ញុំសូមជម្រាបជូនថា ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន។ ខ្ញុំបានឆ្លើយតបទៅគាត់ជាសាធារណៈដូចខាងក្រោម៖ «ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិងបានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?»”។
អ្នកឧកញ៉ា គួច ម៉េងលី បានបន្ថែមថា សម្រាប់ជូនដល់អ្នកដែលចែករំលែកបន្ត (share) និង troll អវិជ្ជមាន សូមអស់លោកអ្នកទាំងអស់គ្នា មេត្តាចេះគិតពិចារណាប្រកបដោយវិជ្ជាជីវៈផង។ សូមភ្ញាក់ឡើង! លោកក៏ជាបុគ្គលម្នាក់ដូចអ្នកទាំងអស់គ្នាដែរ ដែលអាចមាន ព្រឹត្តិការណ៍ផ្ទាល់ខ្លួន គ្រួសារ និងព្រឹត្តិការណ៍គ្រួសាររីករាយផ្សេងៗ៕