អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាពគ្រុប និងភរិយារបស់លោក គឺលោកស្រីអ្នកឧកញ៉ា គៀន ស្រីនាង បានផ្ដល់អគារសម្រាកព្យាបាលជំងឺមួយខ្នង និងបន្ទប់ទឹកមួយខ្នង សម្រាប់មណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អគារសម្រាកព្យាបាលជំងឺនេះ គ្រោងនឹងចំណាយថវិកាអស់ជាង ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក មានទំហំ ២១ម៉ែត្រ គុណនឹង ១៥.៥ម៉ែត្រ ស្មើនឹង ៩បន្ទប់។ ក្នុងនោះមានបន្ទប់សម្រាកព្យាបាលជំងឺ៨បន្ទប់ ដែលអាចដាក់គ្រែបាន ២៤គ្រែ បន្ទប់សម្រាប់ក្រុមគ្រូពេទ្យ ១បន្ទប់ និងបន្ទប់រង់ចាំ ១បន្ទប់ ព្រមទាំងបន្ទប់ទឹក ១ខ្នង ស្មើនឹង ៦បន្ទប់។

យ៉ាងណាមិញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកឧកញ៉ា ទ្រី ភាព បានចាត់ដល់ក្រុមការងារក្រុមហ៊ុនរបស់លោក ទៅសិក្សាអំពីទីតាំងផ្ទាល់ដើម្បីបើកដំណើរការសាងសង់រួចហើយ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាននៃស្រុកវាលវែង លោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងលោកប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ផងដែរ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា ទ្រី ភាព និងភរិយា ដែលបានផ្តល់អគារដ៏មានសារសំខាន់ សម្រាប់ជួយដល់ប្រជាជននៅតំបន់ដាច់ស្រយាលមួយនេះ ខណៈដែលមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា មានទីតាំងនៅជិតព្រំដែនថ្មដា ជាប់ប្រទេសថៃ និងមានចម្ងាយឆ្ងាយពីទីប្រជុំជន៕

