ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយក្រុមហ៊ុន អេមរ៉ូរាយ បានចុះទៅជួបពិភាក្សាផ្ទាល់ជាបងប្អូនប្រជាកសិករ នៅតំបន់ឆ្ងាយពីទីតាំងប្រមូលផ្តុំ ដែលកំពុងជួយអន្តរាគមន៍ដោយក្រុមហ៊ុន បៃតង របស់ឯកឧត្តមឧកញ៉ា ភូ ពុយ អគ្គនាយក្រុមហ៊ុន បៃតងកម្ពុជា និងធនាគាស្រូវ និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលនៅទីតាំងក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ដំណើរបេសកកម្មរបស់លោកឧកញ៉ា ខាងលើនេះ គឺដើម្បីជួយសម្រួលតម្លៃស្រូវកុំអោយទាបជាង ១០៣៥ រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវគុណភាពលេខ១ ប្រភេទផ្ការំដួល។ ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសេនាធិការក្នុងការជួយផ្តល់ឥណទាន ការជួយសម្របសម្រួល ពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរដែនដី រោងម៉ាស៊ីនកិនស្រូវទាំងអស់ នឹងខិតខំប្រមូលទិញស្រូវឱ្យអស់លទ្ធភាព។

សូមជម្រាបជូនថា បញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ នៅតាមតំបន់ខេត្តសក្តានុពល រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តព្រៃវែង ជាដើម បានក្លាយជាក្តីកង្វល់រួមមួយរបស់ប្រជាពលរដ្ឋ ដោយតម្លៃជារួមនៅលើទីផ្សារ លក់បានតម្លៃត្រឹមចន្លោះពី ៧៥០រៀល-៨៥០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។

ទោះយ៉ាងណា តាមការណែនាំពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយក្នុងនោះ ១គីឡូក្រាម តម្លៃមិនក្រោម ១ ០៤០រៀលនោះទេ សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ (ស្រូវសើម) ដែលធ្វើឱ្យប្រជាកសិករគ្រប់គោលដៅទាំងអស់ បានសាទរយ៉ាងខ្លាំងទៅនឹងការអនុវត្តថ្លៃគោលនេះ៕
